(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញការប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យខេត្តក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈរដ្ឋបាលខេត្តមានគម្រោងជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ប៉ុន្ដែតម្រូវឲ្យមន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករ និងអ្នកផ្តល់សេវាទេសចរណ៍ អាជីវករសូមចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត តាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត និងសេវាកម្មជឿទុកចិត្តបាន។

ក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ២០២៤នេះ លោក ម៉ៅ ធនិន បានលើកឡើងថា ដោយផ្អែកតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងផ្អែកតាមសក្តានុពលរបស់ខេត្តកំពត រដ្ឋបាលខេត្តនឹងធ្វើឲ្យវិស័យទេសចរណ៍ ក្លាយជាវិស័យស្នូល ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តបានបន្តដាក់ចុះនូវគម្រោងអភិវឌ្ឍន៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកសម្រាកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន។

លោកគូសបញ្ជាក់ដោយតាំងចិត្តថា នឹងធ្វើឲ្យខេត្តកំពត ក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសក្លាយជាខេត្តតំបន់ឆ្នេរ ដែលមានភាពលេចធ្លោជាងគេ (អ្វីដែលខេត្តផ្សេងមាន ខេត្តកំពតមាន តែអ្វីដែលខេត្តកំពតមាន ខេត្តផ្សេងមិនមាន)។

លោកអភិបាលខេត្ត បានស្នើដល់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករទេសចរណ៍ សូមរក្សាឲ្យបាននូវបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត សេវាកម្មជឿទុកចិត្តបាន ពិសេសរក្សាឲ្យបាននូវតម្លៃសមរម្យ មិនមានការតម្លើងថ្លៃ មានភាពស្មោះត្រង់ក្នុងការលក់ដូរ ដើម្បីទទួលបានការទុកចិត្តពីសំណាក់ភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្ត។

នៅក្នុងពិធីសំណេះសំណាលនោះដែរ លោកក៏បានដោះស្រាយនូវសំណើ និងសំណូមពរ របស់ប្រតិបត្តិករទេសចរណ៍ ដែលបាននិងកំពុងជួបប្រទះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យការងារផ្តល់សេវាទេចរណ៍កាន់តែល្អប្រសើរ។

ជាងនេះទៅទៀត លោក ម៉ៅ ធនិន ក៏បានបង្ហាញអំពីចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនទៀត មានដូចជា បង្កើតសេវាកម្សាន្តតាមដៃព្រែកនានា ការបង្កើតផ្សារលើទឹក និងគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយបន្ថែមទៀតជាដើម៕