(តាកែវ)៖ ដើម្បីអបអរសាទដល់ថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧១ យាងចូល៧២ព្រះវស្សា, រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងថ្វាយរបាំជូនពរប្រសិទ្ធពរជ័យថ្វាយព្រះករុណា។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក អ៊ូច ភា អភិបាលខេត្ត និងលោកស្រី ព្រមទាំងមានការចូលរួមសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់ផងដែរ។

លោក អ៊ូច ភា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល បានក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា ដោយកូនចៅ ចៅទួត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ សូមព្រះបរមរាជានុញ្ញាតលំឱនកាយ ថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា ថ្វាយ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងចម្រើនព្រះជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្រ្តជ្រកកោន ជាភិយ្យោភាពតរៀងទៅ៕