(ភ្នំពេញ)៖ លោក ប៊ុន សុផាត អនុរដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតនីតិសាស្ត្រអន្តរជាតិ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មុនពេលចេញដំណើរចូលរួមការប្រកួតសវនាការប្រតិដ្ឋ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជំនួបនេះធ្វើឡើងដើម្បីចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតនៅក្នុងការប្រកួតលើឆាកអន្តរជាតិ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ក៏ដូចជាផ្តល់ឱកាសឱ្យនិស្សិតក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅកាន់ពិភពលោកផងដែរ។

ថ្លែងក្នុងឱកាសនោះលោក ប៊ុន សុផាត បានកោតសរសើរចំពោះក្រុមនិស្សិតទាំងអស់ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់ លើការខិតខំប្រឹងប្រែងប្រកួតប្រជែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរជូនជាតិមាតុភូមិ និងបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។

សូមជម្រាបថា ក្រុមនិស្សិតដែលត្រូវទៅចូលរួមកម្មវិធីនេះមានចំនួន ៧រូប ដោយក្នុងនោះបេក្ខភាពប្រកួតមានចំនួន ៥នាក់ និងគ្រូបង្វឹកចំនួន ២រូប។ កម្មវិធីសវនាការប្រតិដ្ឋស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅថា International Bar Association International Criminal Court Moot Court Competition 2024 ជាកម្មវិធីប្រកួតប្រជែងសវនាការប្រតិដ្ឋកម្រិតថ្នាក់ពិភពលោក នៅក្នុងវិស័យច្បាប់ព្រហ្មទណ្ឌអន្តរជាតិ បានរៀបចំឡើងតាំងពីឆ្នាំ២០០៤ ដោយមានការចូលរួមប្រមាណជា១១២ សាកលវិទ្យាល័យ មកពីបណ្តាប្រទេសនៅជុំវិញពិភពលោក ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងឡាអេ ប្រទេសហូឡង់៕