(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការគាំទ្រអ្នកនិពន្ធ នឹងនាំឱ្យពួកគេមានកម្លាំងចិត្តខិតខំប្រឹងប្រែងច្នៃប្រតិដ្ឋតែងនិពន្ធ និងបញ្ចេញស្នាដៃថ្មីៗជាបន្តបន្ទាប់ទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យម្ចាស់វណ្ណកម្មប្រលោមលោក «៣រាត្រី» ចូលជួបសម្តែងការគួរសម និងជូនសៀវភៅប្រលោមលោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

បើតាមលោកស្រី ឡងឌី សាន់ណារ៉ា លោកស្រីជាអ្នកលើកស្ទួយការតែងនិពន្ធ ព្រោះការបង្កើតបានសៀវភៅរឿងមួយក្បាលៗ ពុំមែនជាភាពងាយស្រួលទេ តោងទាល់តែដាក់ចិត្តដាក់កាយ និងរៀបផ្លូវដើរច្បាស់លាស់។ លោកស្រី បានលើកទឹកចិត្តដល់អ្នកតែងនិពន្ធ​ បញ្ចេញវណ្ណកម្មថ្មីៗ ដើម្បីលើកស្ទួយការអាន និងការតែងនិពន្ធ ផងដែរ។

ក្នុងឱកាសនោះ លោក សេម បានលើកឡើងថា ប្រលោមលោក «៣រាត្រី» ជាវណ្ណកម្មថ្មីមួយ ស្ថិតក្នុងចលនាខេមរនិយម។ លោកបន្តថា រឿង «៣រាត្រី» គឺជារឿងពិតខ្លះ និងប្រតិដ្ឋខ្លះ ដែលជាស្នាដៃតែងនិពន្ធលើកដំបូងរបស់លោក ដោយបានបង្ហាញពីតថភាពជីវិតយុវវ័យ ដកចេញពីផ្នែកតូចមួយរបស់គេ។

ជាមួយគ្នានេះដែរ រឿងនេះមានគោលបំណងចង់អប់រំយុវវ័យ ឱ្យចេះគិតគូរនិងប្រយ័ត្នប្រយែង នៅពេលខ្លួនធ្លាក់ក្នុងអន្លង់ស្នេហា។ រឿងនេះ ក៏លើកទឹកចិត្តដល់មនុស្ស ដែលយល់ថាខ្លួនបាត់បង់គ្រប់យ៉ាង និងគិតថាខ្លួនមិនមានប្រយោជន៍ ឱ្យប្រឹងប្រែងកសាងជីវិត។

លោក សេម បានឱ្យដឹងថា តាំងពីក្មេងរហូតមកដល់ពេលនេះ លោកបានអានសៀវភៅរាប់មិនអស់ ដែលវាធ្វើឱ្យលោកមានចំណង់ចំណូលចិត្តក្នុងការតែងនិពន្ធ។ ការតែងនិពន្ធនេះ ជាទម្រង់និទានកថា ដោយតួអង្គឯកជាមនុស្សស្រី រៀបរាប់ពីអតីតដែលបានកើតឡើងចំពោះនាងកាលពី ១០ឆ្នាំមុន។ ស្មេរវ័យក្មេងរូបនេះ ក៏ចង់លើកស្ទូយវិស័យតែងនិពន្ធនៅកម្ពុជា ឱ្យរីកចម្រើនខ្លាំងផងដែរ ខណៈសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ដោយកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកំណត់យកនេះ ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។

បើតាមលោក សេម ពេលអានរឿង «៣រាត្រី» គេនឹងឃើញមានភាសាអង់គ្លេសខ្លះ និងខ្មែរខ្លះ ពេលតួអង្គផ្ញើសារទៅគ្នា។ អ្នកនិពន្ធសរសេរបែបនេះ ក៏ដោយសារតែយល់ថា ជាទម្លាប់នៃការឆ្លងឆ្លើយសារ គឺយុវវ័យប្រើភាសាអង់គ្លេសខ្លះ និងខ្មែរខ្លះ ទើបលោកចង់បង្ហាញតថភាពមួយនេះដែរ។

លោក សេម ក៏បានឆ្លៀតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជួយឱ្យសៀវភៅនេះ ត្រូវបានផលិតឡើង និងអរគុណដល់មិត្តភក្តិទាំងអស់ ដែលបានបង្ហាញពីឆន្ទៈចង់អានស្នាដៃដ៏ថ្មីសន្លាងមួយនេះ។ លោកបានឱ្យដឹងថា ថវិកាមួយផ្នែក ដែលទទួលបានពីការលក់សៀវភៅនេះ នឹងយកទៅបរិច្ចាគលើការងារមនុស្សធម៌។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកម្តាយ ឃុត សាឃីម និងលោកប៉ា ឡាច គីម កូនសូមថ្វាយបង្គំដឹងគុណលោកទាំងពីរដែលបានផ្តល់កំណើតដល់រូបកូន និងបីបាច់រក្សាកូនបានយ៉ាងល្អបំផុត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានឧបត្ថម្ភថវិកាបោះពុម្ពសៀវភៅនេះទាំងស្រុង។ បើពុំមានការជួយជ្រោមជ្រែង នោះស្នាដៃនេះមិនអាចលេចរូបរាងឡើយ។ សូមអរគុណដល់ ឯកឧត្តម លឹម ជាវុត្ថា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ដែលបានគាំទ្រនិងលើកទឹកចិត្តដល់រូបខ្ញុំ ចំពោះកិច្ចការតែងនិពន្ធដ៏មានន័យខ្លឹមសារនេះ និងជួយផ្សព្វផ្សាយ»

ការបោះពុម្ពលើកទី១ តែងតែជួបប្រទះនូវចំណុចខ្វះខាតដោយជៀសពុំរួច ហេតុដូចនេះស្មេរ នឹងទទួលយកមតិរិះគន់ ដើម្បីកែលម្អជានិច្ច។ អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏បានសង្ឃឹមថា «៣រាត្រី» នឹងក្លាយជាវត្ថុកម្សាន្តអារម្មណ៍របស់លោកអ្នក និងជាគ្រឿងលម្អក្នុងទូដាក់សៀវភៅរបស់លោកអ្នកជាក់ជាពុំខាន។

មិត្តអ្នកអាន ចង់ជាវសៀវភៅនេះ សូមទំនាក់ទំនងលេខទូរសព្ទ ០៩៦៦២០៣៣៦០ ឬទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «៣រាត្រី»