(កំពង់ស្ពឺ)៖ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២ បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន២៥២នាក់ ចុះពិនិត្យព្យាបាលជំងឺ អប់រំសុខភាពសាធារណ: និងផ្តល់អាហារូបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលចំនួន២,៤០៣នាក់ នៅវិទ្យាល័យមង្គលបរពិត្រ ស្ថិតក្នុងឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

កម្មវិធីនេះធ្វើឡើងក្រោមពាក្យស្លោក «សុខទុក្ខកូនៗ ជាសុខទុក្ខ ប៉ា ប៉ា ហ៊ុន ម៉ានី» ដែលជាចក្ខុវិស័យមួយដ៏វែងឆ្ងាយរបស់លោក ហ៊ុន ម៉ានី ដែលតែងគិតគូរពីអនាគតយុវជននៅកម្ពុជា ហើយលោកតែងចាត់ទុក សុខទុក្ខរបស់យុវជន និងប្រជាពលរដ្ឋ ទាំងអស់ដូចជាសុខទុក្ខរបស់លោកដែរ។

កម្មវិធីនេះជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអប់រំសុខភាពដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យ និងវិទ្យាល័យពីរបបរស់នៅ របបហូបចុក របបហាត់ប្រាណ ការថែទាំសុខភាពរាងកាយ និងសុខភាពខួរក្បាល ដែលពួកគាត់ជាទំពាំងស្នងឬស្សី និងជាមូលធនមនុស្សដ៏សំខាន់សម្រាប់ជាតិ។ ក្រៅពីការអប់រំសុខភាពសាធារណៈខាងលើនេះ ក្រុមគ្រូពេទ្យនៅមានការផ្តល់អាហារូបត្ថម្ភជាវីតាមីនចម្រុះ និងបណ្តាវីតាមីនសំខាន់ៗមួយចំនួនទៀត សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដើម្បីបំប៉នសុខភាពរបស់ពួកគាត់។

ទន្ទឹមនឹងនេះ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤មកនោះ ក៏តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅមូលដ្ឋាន ជាពិសេសតំបន់ឆ្ងាយពីសេវាសុខាភិបាល ដោយធ្វើការពិនិត្យ ព្យាបាលជំងឺ រួមមានជំងឺទូទៅ ជំងឺកុមារ ជំងឺមនុស្សចាស់ ជំងឺសសៃរឈាម និងបេះដូង ជំងឺសន្លាក់ និងវះកាត់តូច ជំងឺភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្រ្តី និងពិនិត្យផ្ទៃពោះ អេកូសាស្រ្ត មន្ទីរពិសោធន៍ចល័ត និងអប់រំសុខភាពសាធារណៈដល់ប្រជាពលរដ្ឋនៅគ្រប់រាជធានី ខេត្ត ក្នុងរយ:ពេលជិត១០ឆ្នាំកន្លងមកហើយ។

សូមជម្រាបថា នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សួន សុឃីម រដ្ឋលេខាធិការក្រសួងផែនការ, លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក, លោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក លោក សួន រុន អភិបាលរងស្រុកបសេដ្ឋ ព្រមទាំងស.ស.យ.ក ស្រុកបសេដ្ឋផងដែរ។

លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ទាំងអស់ ជាពិសេសដល់លោក ហ៊ុន ម៉ានី និងលោកស្រី ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខុមាលភាពរបស់បងប្អូន និងសូមជូនពរឲ្យលោកទាំងពីរ និងក្រុមគ្រួសារបានសមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ហើយសំណូមពរសុំឲ្យបន្តកម្មវិធី «សុខទុក្ខកូនៗ ជាសុខទុក្ខ ប៉ា ប៉ា ហ៊ុន ម៉ានី» នេះឲ្យបានកាន់តែទូលំទូលាយថែមទៀត៕