(ភ្នំពេញ)៖ សកម្មជនគណបក្សភ្លើងទៀន និងឆន្ទៈខ្មែរចំនួន៥នាក់ បានសម្រេចចិត្តដើរចេញ​ពី​បក្សចាស់របស់ខ្លួន ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តប្តូរជីវិ​តនយោ​បាយពីបក្សប្រឆាំង ទៅចូលរួមជាមួយបក្សកាន់អំណាចដោយសារពួកគេបាត់បង់ជំនឿចិត្ត​លើ​ការដឹកនាំរបស់បក្សប្រឆាំងដែលមានជម្លោះ និងបែកបាក់គ្នា ជាពិសេសមិនបានប្រកាន់​ស្មារតីតម្កល់ប្រយោជន៍ជាតិ។

សកម្មជនគណបក្សប្រឆាំងនៅក្រុងឧដុង្គម៉ែជ័យចំនួន ៥នាក់ ដែលដើរចេញពីបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនេះរួមមាន៖
១៖ លោកស្រី កង ម៉ៅ អនុប្រធានប្រតិបត្តិឃុំវាំងចាស់ និងជាបេក្ខជនពេញសិទ្ធិ​ក្រុមប្រឹក្សា​ក្រុង​ឧដុង្គម៉ែជ័យ គណបក្សឆន្ទៈខ្មែរលេខរៀងទី៥
២៖ លោក ឡាយ គួក បេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាក្រុងឧដុង្គម៉ែជ័យ គណបក្សឆន្ទៈខ្មែរ​លេខរៀងទី១៧
៣៖ លោកស្រី រឿន កូលាប ប្រធានចលនាស្ត្រីគណបក្សភ្លើងទៀន/ឆន្ទៈខ្មែរ ក្រុងឧដុង្គម៉ែជ័យ
៤៖ លោកស្រី អ៊ូច សូនី សមាជិកប្រតិបត្តិគណបក្សភ្លើងទៀនឃុំ និងជាបេក្ខជន​ក្រុមប្រឹក្សា​ឃុំវាំង​ចាស់ ស្រុកឧដុង្គ
៥៖ លោក លីម ឆាយឡេង ប្រធានយុវជនគណបក្សភ្លើងទៀន/ឆន្ទៈខ្មែរ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

លោកស្រី កង ម៉ៅ បានឱ្យដឹងថា លោកស្រីបានចូលរួមធ្វើសកម្មភាពនយោបាយជាមួយបក្ស​ប្រឆាំងយូរឆ្នាំមកហើយ។ តែមកដល់ពេលនេះលោកស្រីបាត់បង់ជំនឿចិត្តចំពោះការដឹកនាំ​របស់​ថ្នាក់​ដឹកនាំបក្ស ដែលធ្វើឱ្យបក្សមានការបែកបាក់ផ្ទៃក្នុង និងជម្លោះជាបន្តបន្ទាប់។

បន្ថែមពីលើនោះ ថ្នាក់ដឹកនាំបក្សមិនបានធ្វើសកម្មភាពគោរពតាមអ្វីជាគោលការណ៍ និង​ស្មារតី ដែលតែងតែអះអាងថាតម្កល់នូវប្រយោជន៍ជាតិនោះឡើយ។

ទន្ទឹមនឹងលើកបង្ហាញចំណុចមិនពេញចិត្តចំពោះគណបក្សប្រឆាំងដែលខ្លួនធ្លាប់រួមរស់ លោក​ស្រី កង ម៉ៅ ក៏បានលើកបង្ហាញគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលនាំ​ឱ្យខ្លួន​សម្រេចចិត្តរួមរស់ជាមួយ។ លោកស្រី កង ម៉ៅ បានបង្ហាញការមើល​ឃើញរបស់ខ្លួនថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន មានគោល​នយោ​បាយ​ច្បាស់លាស់ទាំងការដឹកនាំបក្ស និងការដឹកនាំជាតិ។

ការដឹកនាំដ៏ត្រឹមត្រូវបានធ្វើឱ្យបក្សប្រជាជនកម្ពុជាកាន់តែរឹងមាំក្លាយទៅជាបង្អែកដ៏រឹងមាំក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។ បន្ថែមពីលើនោះ តាមរយៈតួនាទីជាអ្នកដឹកនាំរាជរដ្ឋាភិបាល បក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយមួយច្បាស់លាស់កសាង និងអភិវឌ្ឍន៍ជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកស្រី កង ម៉ៅ បានអំពាវនាវដល់សមាជិក សមាជិកាគបណបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹកចូលរួមកសាងជាតិជាមួយគណបក្សប្រជាជនកម្ពុជា៕