(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ កំពុងសិក្សារៀបចំកសាង «ស្ដូបតេជោសន្ដិភាព» នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិត្រពាំងចំបក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារប្រជុំដើម្បីត្រៀមសាងសង់ស្ដូបនេះ។

លោកបានបញ្ជាក់ថា ការរៀបចំសាងសង់ «ស្តូបតេជោសន្តិភាព» នេះមាន៨ចំណុច៖

*ទី១៖ ការសិក្សាលើប្លង់គោលស្ថាបត្យកម្ម នៃស្តូបតេជោសន្តិភាព ត្រូវធ្វើការពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារ សិក្សាស្រាវជ្រាវដែលមានស្ថាបត្យកម្ម ពីព្រោះការរៀបចំការកសាងជាមួយដំណើរការជាក់ស្តែង ទាមទារមានការកែសម្រួលបត់បែនជាហូរហែរលើខ្នាត និងរូបភាពសម ឬមិនសម ចម្លាក់ត្រឹមត្រូវ ឬមិនត្រឹមត្រូវ យើងតែងធ្វើកិច្ចការនេះជាបទពិសោធន៍ សម្រាប់អ្នកដឹកនាំ វិចិត្រករ ស្ថាបត្យករ រួមទាំងជាមួយ ក្រុមខ្លឹមសារប្រវត្តិកាល។

*ទី២៖ រៀបចំយន្តការមួយដែលមានសមាសភាពច្បាស់លាស់អ្នកដឹកនាំ និងសមាជិកជាអ្នកជំនាញមានវត្តមានជាប់ជាប្រចាំ ដោយមិនត្រូវមានការផ្លាស់ប្តូរញឹកញាប់ ដែលនាំឲ្យជួបការលំបាកក្នុងការបន្តតាមស្រាវ រៀបចំបង្កើតក្រុមការងាររួមរវាងក្រុមការងារសិក្សាស្រាវជ្រាវ ថ្នាក់ក្រោមជាតិ ដើម្បីបង្កើតកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធ។

*ទី៣៖ រៀបចំប្រមែប្រមូលប្រវត្តិខ្លឹមសាររឿងរ៉ាវព្រឹត្តិការណ៍ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្របស់រដ្ឋបាលខេត្ត ឬអង្គភាពនីមួយៗ ឲ្យបានជាអតិបរមាសម្រាប់យកមកធ្វើការជ្រើសរើសសម្រិតសម្រាំង ទាំងនេះចាត់ទុកថា ជាដំណាក់កាលប្រមូលសន្សំឯកសារសម្រាប់ធ្វើការពិនិត្យ។

*ទី៤៖ ត្រូវយកព្រឹត្តិការណ៍ទាំងអស់នេះ មកសម្រិតសម្រាំងបំប្លែងពីខ្លឹមសារ អក្ខរាវិរុទ្ធ ពីសម្ភារៈមកជារូបភាព គំនូរ និងចម្លាក់។ ហើយចាំបាច់ដែលទាមទារអ្នកជំនាញបង្រួម បង្កើតជាតំណាងនិមិត្តរូបអត្តសញ្ញាណ និងឲ្យមានការឯកភាពមានលក្ខណៈវិទ្យាសាស្ត្រ ជាមួយនឹងប្រវត្តិសាស្ត្រ។

*ទី៥៖ រដ្ឋបាលខេត្តអាចរៀបចំជាសិក្ខាសាលា ឬវេទិកានានា ដើម្បីប្រមូលធាតុចូលពីគ្រប់មជ្ឈដ្ឋានឲ្យបានស៊ីជម្រៅ លើខ្លឹមសារចម្លាក់ ២ភាគ៣របស់រដ្ឋបាលខេត្តនីមួយៗ បង្កើតជាទម្រង់ និងខ្លឹមសារឲ្យមានការឯកភាពគ្នា សំដៅចារឹកខ្លឹមសារចម្លាក់ជាភាសាយូរអង្វែង។

*ទី៦៖ ដំណាក់កាលចុងក្រោយ ជាដំណាក់កាលពិនិត្យកែសម្រួល សម្រេចដែលទាមទារឲ្យមានការកសាងឯកសារមួយឡើងវិញ ជាឯកសារខុសពីមុនដូចជាសៀវភៅប្រវត្តិ នៃចម្លាក់ដែលមាន «ស្តូបតេជោសន្តិភាព» នេះបានធ្វើជានិទានកថា មកជារូបដែលមានន័យសមស្របទទួលតាមតំបន់ភូមិសាស្ត្រ និងថ្នាក់ជាតិ។

*ទី៧៖ នៅក្នុងទិដ្ឋភាពនេះខ្លឹមសារដែលត្រូវណែនាំ ត្រូវមានការចាប់អារម្មណ៍ខ្លឹមសារចម្លង និងចម្លាក់ព្រមទាំងខ្លឹមសារដែលត្រូវរៀបចំថ្មីជាប្រវត្តិនិងកែច្នៃ។ នៅក្នុងការសាងសង់ «ស្តូបតេជោសន្តិភាព» លើកក្រោយនេះព្រឹត្តិការណ៍ថ្មីៗ ជាប្រវត្តិសាស្ត្រដែលលើកមុខមាត់ខេត្តកំពង់ធំ ក្នុងប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

*ទី៨៖ កៀរគរថវិកាសប្បុរជនសម្រាប់ការសាងសង់ «ស្តូបតេជោសន្តិភាព» ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅសម្រេចបាន(ខេត្តមួយ ស្តូបតេជោសន្តិភាពមួយ)៕