(ភ្នំពេញ)៖ ទន្ទឹមនឹងវឌ្ឍនភាពនៃទំនាក់ទំនងការទូតកាន់តែល្អប្រសើរ កម្ពុជា និងភាគីអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

លោក Obaid Saeed Obaid Bintaresh Aldhaheri បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមឱ្យកាន់តែរឹងមាំ។ បន្ថែមលើនេះ លោកឯកអគ្គរាជទូតបានបញ្ជាក់ថា ក្នុងបេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ពន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។

ជាការឆ្លើយតប សម្តេចធិបតីបានស្វាគមន៍ចំពោះវត្តមានរបស់លោក Obaid Saeed Obaid Bintaresh Aldhaheri និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។

សម្តេចធិបតីបានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ពន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ពន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន និងបរិយាប័ន្ន។ ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្នកម្ពុជាបានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតក្នុងអត្រា៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ។ ទន្ទឹមនោះ សម្ដេចធិបតីក៏បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីលើកទឹកចិត្តនិងលើកកម្ពស់វិស័យទេសចរណ៍ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្តេចធិបតីមានជំនឿជាក់ថាចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត។

សម្តេចធិបតីក៏បានលើកទឹកចិត្តដល់លោកឯកអគ្គរាជទូតឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នរបស់ភាគីកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀតផងដែរ៕