(ភ្នំពេញ)៖ តំណាងស្ថាប័នជាតិ តំណាងក្រសួង តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល, ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សមាជិកគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលជាប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ប្រធានផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស (គធ.ខប) មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ជាង១២៥នាក់ ទទួលការបណ្តុះបណ្តាល ស្តីពី «ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលនេះបានធ្វើប្រព្រឹត្តធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប។ ពិធីបើកធ្វើឡើងក្រោមអធិបតីភាពលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប។

នាកាសនោះដែរ លោក ម៉ុក ដារ៉ា បានបញ្ជាក់ថា ការបោះឆ្នោតអសកលត្រូវបានរៀបចំឡើងដោយ គ.ជ.ប ប្រព្រឹត្តទៅបានចំនួន ១០លើក រួចមកហើយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន៤លើក ចាប់តាំងពីឆ្នាំ២០០៦ នៃនីតិកាលទី២ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៦លើក។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កន្លងមកដែលគ.ជ.ប បានរៀបចំ៖

*អាណត្តិទី១ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩
*ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១១
*អាណត្តិទី២ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤
*អាណត្តិទី៣ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩
*ក្រុមប្រឹក្សាក្រុងបូកគោ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
*ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣
សម្រាប់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបានបន្តថា ផ្អែកតាមបទពិសោធន៍ មេរៀនពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលនៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គ.ជ.ប បានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅរៀបចំការបោះឆ្នោតនាពេលខាងមុខឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក៏ត្រូវបានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួនផងដែរ ។

ក្រៅពីការរៀបចំការងារបច្ចេកទេសបោះឆ្នោតបានល្អប្រសើរហើយនោះ ការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ដែលនឹងត្រូវទទួលភារកិច្ចអនុវត្តការងារបោះឆ្នោតនាពេលខាងមុខ គឺជាកត្តាចាំបាច់បំផុត។ គ្រប់ដំណាក់កាលទាំងអស់នៃការបោះឆ្នោត គ.ជ.ប តែងតែយកចិត្តទុកដាក់លើការងារកសាង និងពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធអំពីនីតិវិធីដែលត្រូវអនុវត្តតាមរយៈការបើកវគ្គបណ្តុះបណ្តាលនៅគ្រប់កម្រិត ដែលរួមមានវគ្គបណ្តុះបណ្តាលនៅ គ.ជ.ប និងវគ្គបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត រហូតដល់គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

វគ្គបណ្តុះបណ្តាលនាពេលនេះត្រូវបានរៀបចំឡើងជាពិសេសជូនដល់មន្រ្តី គ.ជ.ប មន្រ្តីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្តល់ការបណ្តុះបណ្តាលបន្តនៅតាមរាជធានី ខេត្ត នាពេលខាងមុខ ព្រមទាំងបណ្ដុះបណ្ដាលជូនដល់ តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សមាគម អង្គការមិនមែនរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមចូលរួមអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញនិងធានាឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខ ទទួលបានជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ប្រកបដោយភាពចាស់ទុំ ក្នុងបរិយាកាសល្អទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោត។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ អ្នកបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង។ សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែងម្នាក់ៗ មានសិទ្ធិចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតតែមួយ។ មណ្ឌលបោះឆ្នោតត្រូវបានរៀបចំតាមរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ការិយាល័យ ហើយដើម្បីបោះឆ្នោតបានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ នៅក្នុងមុខតំណែងត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬប័ណ្ណសម្គាល់ខ្លួនជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។

ផ្អែកតាមប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ យើងបានបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត និងតាមមណ្ឌលបោះឆ្នោតរួចរាល់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ រីឯការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ក៏យើងបានសម្រេចទទួលស្គាល់រួចហើយដែរ ដោយមានការបិទផ្សាយបញ្ជីគណបក្សនយោ- បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ យើងនៅសល់ដំណាក់កាល២ទៀត គឺការឃោសនាបោះឆ្នោតដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត៕