(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ អ្នកឧកញ៉ា ពីលោក ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស។

គួររំឭកថា លោក ហ៉ី គឹមហុង ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា អ្នកឧកញ៉ា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

សូមបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នៅពេលចុះអនុវត្តដីកា ក្រុមអង្គរក្សលោកបានរារាំងសមត្ថកិច្ច និងបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចផងដែរ។

តែក្រោយជាប់ពន្ធនាគារ បានប៉ុន្មានខែ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ ខណ:ដែលបញ្ហារបស់ប្រជាពលរដ្ឋ ដែលចាញ់បោកបុគ្គលរូបនេះ មិនទាន់ដោះស្រាយចេញនៅឡើយ៕