(ភ្នំពេញ)៖ ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចៗចំនួន៣០គ្រួសារ បានទទួលការផ្សព្វផ្សាយអប់រំផ្នែកសុខភាព និងទទួលបានសម្ភារប្រើប្រាស់មាន (មុង ភួយ ក្រមា សារុង កន្សែងពោះគោ កន្សែងជូតទារក ជែល) និងថវិកាចំនួន៥ម៉ឺនរៀលស្មើៗគ្នា ដើម្បីជួយសម្រួលដល់ជីវភាពមួយចំនួន ពីមន្ត្រីប្រតិបត្តិសាខា និងអនុសាខាខណ្ឌឬស្សីកែវ។

អំណោយ និងថវិកា ត្រូវបានលោក ជិន ប៊ុនធឿន នាយកប្រិតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលខណ្ឌឬស្សីកែវ តំណាងរបស់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ យកទៅចែកជូនបងប្អូនផ្ទាល់តែម្តង។

ការងារសប្បុរធម៌នេះ បានធ្វើឡើងនៅក្នុងពិធីប្រារព្ធអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» នៅមន្ទីរពេទ្យបង្អែកសម្តេចឳ និងសម្តេចម៉ែ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន និងក្នុងនាមលោក ឃួង ស្រេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល ជាពិសេសបងប្អូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក។

លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តែងតែបានអនុវត្តសកម្មភាពដូចភ្លៀងរលឹម និងធ្វើការអប់រំផ្សព្វផ្សាយ ដោយផ្ទាល់ដល់យុវវ័យនៅតាមគ្រឹះស្ថានឧត្តមសិក្សា វិទ្យាល័យ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច នៅតាមសហគមន៍ និងជនបទនានា តាមរយៈយុទ្ធនាការក្រោមមូលបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលមានខ្លឹមសារផ្តោតសំខាន់លើការទប់ស្កាត់បង្ការជំងឺឆ្លង និងមិនឆ្លងមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺអេដស៍។ល។ និងជាពិសេសក្នុងការលើកកម្ពស់សុខភាពមាតា ទារក កុមារ យុវវ័យ ដែលរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។

លើសពីនេះ លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក៏បានអានសារអំពាវនាវ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ដែលមានខ្លឹមសារដូចតទៅ៖

*១៖ សូមបង-ប្អូនរួមជាតិ ចូលរួមក្នុងការប្រុងប្រយ័ត្នការពារសុខភាព និងអនុវត្តវិធានការនានា ក្នុងអំឡុងពេលអាកាសធាតុក្តៅ ដូចដែលក្រសួងសុខាភិបាលចេញសេចក្តីប្រកាសជូនដំណឹងជាបន្តបន្ទាប់ ជាពិសេសនោះ សូមនាំគ្នាអនុវត្តតាមពាក្យចាស់ថា «ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី» និង «ការពារ ប្រសើរជាងព្យាបាល»។
*២៖ សូមស្ត្រីមានផ្ទៃពោះ ស្ត្រីដែលទើបនឹងសម្រាលកូន ស្ត្រីមានកូនតូចៗ ធ្វើការតាមដានព័ត៌មាន របស់ក្រសួងសុខាភិបាល និងយកចិត្តទុកដាក់អនុវត្តនូវវិធានការទាំងអស់ ដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយ និងត្រូវស្វែងរកព័ត៌មាន ឬជំនួយពីឆ្មបជំនាញនៅមណ្ឌលសុខភាព ឬគ្រូពេទ្យនៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើកើតមានអាការៈចម្លែកណាមួយ។
*៣៖ សូមឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសទាំងអស់ ផ្តល់ការប្រឹក្សា ផ្តល់សារអប់រំសុខភាពជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយស្ត្រីមានផ្ទៃពោះទាំងអស់បាន «ឆ្លងទន្លេ» ដោយសុវត្ថិភាព និងដោយក្តីសោមនស្សរីករាយ។
*៤​៖ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កាកបាទក្រហមកម្ពុជា និងដៃគូទាំងអស់ ទាំងសាធារណៈ ឯកជន ជាតិ និងអន្តរជាតិ សូមបន្តជួយគាំទ្រដល់ការងារឆ្មប ដើម្បីជួយឱ្យកម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការកំណត់នៅឆ្នាំ២០៣០៕