(កំពង់ចាម)៖ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំគណៈប្រតិភូអញ្ចើញចុះត្រួតពិនិត្យតំបន់សហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅក្នុងភូមិសំបូរ និងភូមិបំប្រកស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នាឱកាសនេះដែរ ក៏មានការចូលរួមរបស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានមន្ទីរពាក់ព័ន្ធខេត្ត ព្រមជាមួយប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

សហគមន៍កសិកម្មសំបូរមានជ័យជាសហគមន៍ផ្គត់ផ្គង់បន្លែជាច្រើន ជាពិសេសប្រេងស្លឹកគ្រៃទៅលើទីផ្សារ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ ដែលមានសមាជិកសរុប ២១៥២នាក់ បើគិតមកទល់បច្ចុប្បន្ន។

វឌ្ឍនភាពនៃមុខរបរសហគមន៍កសិកម្មសំបូរមានជ័យ បានចាប់ផ្តើមជាមួយក្រុមសន្សំប្រាក់សម្រាប់ប្រើប្រាស់ជាគណនេយ្យទានបង្វិលនៅក្នុងសហគមន៍មួយ ដែលមានទុន សរុបចំនួន១០,១៥៤,០០០រៀល។

ក្នុងនោះក៏មាន ក្រុមផលិតពូជស្រូវរបស់សហគមន៍កសិកម្មសំបូរមានជ័យ ដែលបានផលិតពូជស្រូវចំនួន ១០ពូជរួមមាន ពូជស្រូវផ្ការំដួល ផ្កាមាល រាំងជ័យ សែនក្រអូប សែនពិដោរ CAR៤ CAR៦ និង CAR៨ CAR៩ ៥១៥៤ ក្នុងនោះពូជស្រូវមានតម្រូវការខ្ពស់ជាងគេគឺ ផ្ការំដួល វាំងជ័យ សែន ក្រអូប និងCAR ៤។

បច្ចុប្បន្ននេះ សហគមន៍បានពង្រីកមុខរបរបន្ថែមមួយចំនួនទៀតដូចជាផលិតកម្មស្រូវចំណី ផលិតកម្មគ្រាប់ពូជស្រូវ ផលិតកម្មស្លឹកគ្រៃ និងបន្លែ ដំណាំឈើហូបផ្លែ(ចេក ម្ចាស់ និងឪឡឹក) កែច្នៃប្រេងស្លឹកគ្រៃ លើកដីធ្វើជីកំប៉ុស ផ្គត់ផ្គង់ជីគីមី ទៅឲ្យសមាជិកសហគមន៍ និងជីលាមកសត្វទៅឲ្យអតិថិជននៅក្នុងតំបន់ផងដែរ៕