(ស្វាយរៀង)៖ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអញ្ជើញចូលរួមសំណេះសំណាល ចែករង្វាន់កង់ដល់សិស្សជ័យលាភីចំណាត់ថ្នាក់លេខ១ ពីថ្នាក់ទី១ ដល់ទី៦ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមកសិក្សាព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្ត និងអមដំណើរដោយស្នងការរងនគរបាល មេបញ្ជារការរងកងរាជអាវុធហត្ថ មេបញ្ជារការរងប្រតិបត្តិការសឹករង មន្ទីរ អង្គភាពជំនាញជុំវិញខេត្តស្វាយរៀង និងរដ្ឋបាលក្រុងបាវិត សិល្បករ សិល្បការិនី សប្បុរសជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៦០០នាក់។

ថ្លែងនៅក្នុងឱកាសនោះ លោកបណ្ឌិត តូច ប៉ូលីវ៉ា បានលើកឡើងថា សាលាបឋមសិស្សាព្រៃទប់នេះ មានការខ្វះខាតនូវឧបករណ៍បំពាក់ក្នុងសាលាមានដូចជា៖ តុ ក្តាខៀន របង ក្រាលឥដ្ឋការ៉ូឡា កង្ហារតាមបន្ទប់ ប៉ុន្តែស្តង់ដាការបង្រៀនរបស់លោកគ្រូអ្នកគ្រូមានភាពល្អប្រសើរគួរជាទីមោទនៈ។ 

លោកបានបន្តថា គោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា បានដាក់ ចេញវិធានគន្លឹះ ចំនួន៤ ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២៖ ការពិនិត្យកែសម្រួល និង រៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។ 

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាល ខេត្តជាអ្នកនៅគ្រប់គ្រងទទួលខុសត្រូវដោយផ្ទាល់ជាមួយមន្ទីរអប់រំ និងអ្នកពាក់ព័ន្ធ តែងតែយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើការអនុវត្តកំណែទម្រង់វិស័យអប់រំ ដើម្បីអភិវឌ្ឍមូលធនមនុស្សឱ្យឆ្លើយតបទៅ នឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅអប់រំប្រកបដោយ ចីរភាពនាឆ្នាំ២០៣០។

ឆ្លៀតក្នុងឱកាសនោះលោក ចាប តូ បានពាំនាំនូវក្តីនឹករលឹក នឹងការសួរសុខទុក្ខ ជូនចំពោះ លោកគ្រូ អ្នកគ្រូ កូនក្មួយសិស្សានុសិស្សពីលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន។ 

ជាមួយគ្នានេះលោកអនុរដ្ឋលេខាធិការរូបនេះ បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង ពីលោកគ្រូអ្នកគ្រូដែលបានផ្តល់ចំណេះដឹងឱ្យ។ រាជរដ្ឋាភិលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញនិងលើកកម្ពស់វិស័យអប់រំ ជាវិស័យអាទិភាពចម្បង។

បន្ថែមលើសពីនេះ លោកស្រី ញ៉ែម មរកត បានណែនាំឱ្យប្អូនៗសិស្សានុសិស្សត្រូវរៀនត្រង់ត្រាប់ស្ដាប់លោកគ្រូ អ្នកគ្រូពន្យល់ ត្រូវរស់នៅប្រកបដោយក្រមសីលធម៌ និងសុជីវធម៌ និងត្រូវប្រុងប្រយ័ត្នចំពោះជនប្លែកមុខដោយល្បួងលួងលោមតាមវិធីផ្សេងៗ ជៀសវាងមានបញ្ហាផ្សេងដែលអាចបង្កឱ្យកូនក្មួយសិស្សានុសិស្សជួបគ្រោះថ្នាក់។

លោកស្រីរដ្ឋលេខាធិការ និងលោកអនុរដ្ឋលេខាធិការ សិល្បៈករ សិល្បៈការិនី សប្បុរសជន និងបាននាំមកនូវអំណោយដូចជា៖ លោកគ្រូ អ្នកគ្រូ ១៥នាក់ ម្នាក់ៗទទួល កាតាប ១ សម្ភារៈប្រើប្រាស់ ១ឈុត ថវិកា ៤ម៉ឺនរៀល។ សិស្សជ័យលាភីលេខ១ ទទួលបានកង់១ កាតាប១ សម្ភារៈសិក្សា ១ឈុត ថវិកា ២ម៉ឺនរៀល។ សិស្សជ័យលាភី លេខ២ និងលេខ៣ ទទួលបានកាតាប១ សម្ភារៈសិក្សា ១ឈុត និងថវិកា ២ម៉ឺនរៀល។ សិស្ស ៥០០នាក់ ម្នាក់ៗទទួលបាន សៀវភៅ ២០០ទំព័រ២ក្បាល ប៊ិច២ដើម និងដៃខ្មៅ ១ដើម សំឡីអនាម័យមីមី និងសាប៊ូកក់សក់។

ក្នុងនោះ លោកស្រីញ៉ែម មរកត និងលោក ចាប តូ បានកៀងគរពីសប្បុរសជន និងបានឧបត្ថម្ភជូនសាលានូវកុំព្យូទ័រ ១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង និងសម្ភារៈការិយាល័យ ព្រមទាំងជួយបុកអណ្តូងទឹកជូនសាលាមានជម្រៅ ៣៦ម៉ែត្រ ដែលសរុបថវិការអំណោយទាំងអស់ ៥,០០០ដុល្លារអាមេរិក៕