(កែប)៖ លោក ហ៊ួរ មិថុនា អភិបាលរង តំណាងលោកអភិបាលខេត្តកែប និងឧត្តមនាវីទោ លី ហួត មេបញ្ជការទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីនៃស្ថាប័នជំនាញ កងកម្លាំងពាក់ព័ន្ធក្រោមឱវាទ រួមទាំងក្រុមអភិរក្សធនធានជលផលសមុទ្រ(MCC) និងប្រជានេសាទជាច្រើននាក់ បានធ្វើពិធីដុតបំផ្លាញនៅឧបករណ៍នេសាទខុសច្បាប់ និងលេងសត្វអណ្តើកសមុទ្រ (ល្មិក) ចូលទៅក្នុងសមុទ្រធម្មជាតិវិញ។

ពិធីនេះរៀបចំឡើងនៅស្នាក់ការសន្តិសុខកោះពោធិ៍ ស្ថិតក្នុងក្រុងកែប ខេត្តកែប ដោយមន្ត្រីនៃខណ្ឌរដ្ឋបាលជលផលខេត្តកែប បានលើកបញ្ជាក់ថា ឧបករណ៍នេសាទដែលត្រូវដុតបំផ្លាញនាឱកាសនោះរួមមាន៖​ ទុយោខ្យល់មុជទឹកប្រវែង ១០,០០០ម៉ែត្រ, ដុំឆក់ចំនួន ៥ធុង, រនាស់អូសខ្យង ១គូរ រួមជាមួយសំណរមួយចំនួន។

នាឱកាសនោះលោក ហ៊ួរ មិថុនា បានសំណូមពរដល់ប្រជានេសាទទាំងអស់សូមបញ្ឈប់ការធ្វើអាជីវកម្មដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់តទៅទៀត​ មិនថាក្នុងតំបន់ដែលកំពុងអភិរក្ស ឬកន្លែងផ្សេងទៀតឡើយ ព្រោះថាការធ្វើអាជីវកម្មនេសាទបែបខុសច្បាប់នេះ អាចបំផ្លាញធនធានធម្មជាតិដែលមាននៅក្នុងសមុទ្រ មិនត្រឹមតែប៉ុណ្ណោះអាចបំផ្លាញខ្លួនឯង និងបំផ្លាញដល់កូនចៅជំនាន់ក្រោយទៀតផង តែបើយើងទាំងអស់គ្នាឈប់ប្រើប្រាស់ឧបករណ៍ខុសច្បាប់ដើម្បីធ្វើនេសាទ យើងនឹងមិនខ្វះទេ ធនធានបាតសមុទ្រ ដូចជាបង្គា ក្តាម មឹក និងត្រី​ ជាដេីម ។

ក្នុងឱកាសនោះ ហ៊ួរ មិថុនា ក៏បានជំរុញឱ្យប្រជានេសាទទាំងអស់ចុះបញ្ជីទូកឱ្យបានគ្រប់ៗគ្នា ដោយក្រុមការងារចុះបញ្ជីទូក​ និងមកធ្វើការដល់លើកោះនេះតែម្តង ដោយមិនឱ្យបងប្អូនប្រជានេសាទលំបាកឡើយ ។

សូមបញ្ជាក់ថា ​ក្រោយការដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ខាងលើនោះហើយ ក៏បានលេងអណ្តើកសមុទ្រ(ល្មិក)ដែលមានទម្ងន់ ប្រហែល ៥០kg កឹបស្លាកលេខ KH ២០៨១ នៅលើដៃឆ្វេងប្រលែងចូលទៅក្នុងសមុទ្រធម្មជាតិវិញផងដែរ៕