(ភ្នំពេញ)៖ លោក មែ ស៊ីថន ជំនួយការផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកនេះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកសាររំលែកទុក្ខ និងថវិកាចូលរួមបុណ្យសពជូនលោកស្រី រាជ សិញ ចំពោះមរណភាពរបស់លោក គឹម សៀប ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតនាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសាររំលែកទុក្ខថា «ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម គឹម សៀប ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតនាយករងខុទ្ទកាល័យសម្តេចតេជោ ដែលជាស្វាមីរបស់លោកជំទាវ លោកបានទទួលមរណភាពនៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៤:៤៥នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ ឯកឧត្តម គឹម សៀប គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្ដុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់ ពិសេស គឺជាការបាត់បង់នូវឥស្សរជនដ៏ល្អឆ្នើមមួយរូប ដែលបានរួមចំណែក ធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការមោះមុត និងវាងវៃជាអតិបរមា ដើម្បីចូលរួមចំណែក ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងឧត្តមប្រយោជន៍មាតុភូមិជារៀងរហូតមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម គឹម សៀប សូមឆាប់បានយោនយក កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»