(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តសិរីសោភា (ហៅវត្តអង្គតាម៉ិញ) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីប្រវត្តិ នៃវត្តអង្គតាម៉ិញ ដោយលោកបញ្ជាក់ថា ទីតាំងវត្តអង្គតាមិញ ពីមុនជាវាលស្រែ ដែលម្ចាស់ដីស្រែនោះ ឈ្មោះលោកតាម៉ិញ។ តាម៉ិញ គាត់បានប្រគល់ដីនេះ ជូនព្រះសង្ឃ ហើយព្រះសង្ឃក៏បានសម្រេចដាក់ឈ្មោះវត្តនេះ ជាអង្គតាម៉ិញ ក្នុងឆ្នាំ១៨៩៨។ បច្ចុប្បន្ន វត្តអង្គតាម៉ិញ បានប្រើឈ្មោះមួយទៀត គឺវត្តគោកចំបក់។

លោកបន្ដថា ការដាក់ឈ្មោះវត្តគោកចំបក់នេះ ដោយសារទីវត្តអារាមនេះ មានដើមចំបក់ដ៏ធំមួយ។ វត្តអង្គមិញ គិតមកដល់ពេលនេះមានអាយុកាល ១២៦ឆ្នាំហើយ ជាវត្តមានបារមីស័កសិទ្ធិ ដែលធ្វើអោយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋមានជំនឿ ជឿជាក់យ៉ាងខ្លាំងផងដែរ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា សមិទ្ធផលដែលសម្ពោធនៅពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ។ យើងទាំងអស់គ្នា ត្រូវចងចាំថា ការដែលយើងអាចជួបជុំនាំគ្នា កសាងនូវសមិទ្ធផលនៅក្នុងទីនេះបាន គឺដោយសារយើងរស់នៅក្នុងដំបូលសន្តិភាព ដែលបានផ្ដល់ឱកាសឲ្យយើងជួបជុំគ្នា ធ្វើបុណ្យរួមគ្នាបាន។

លោកបានបន្តថា សន្តិភាព ស្ថេរភាពនយោបាយបាននាំឲ្យយើងមានឱកាស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន ជាមួយនឹងការធ្វើឲ្យប្រទេសជាតិមានឈ្មោះបោះសំឡេង នៅលើឆាកអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធំៗ ដែលមានទាំងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាចនៅលើពិភពលោក ក៏បានមកចូលរួមប្រជុំដល់កម្ពុជា ហើយកម្ពុជា រក្សាបាននូវសន្តិសុខពេញលេញ សម្រាប់ថ្នាក់ដឹកនាំទាំងនោះផងដែរ។ កត្តាសុខសន្តិភាពទាំងនេះ គឺបានមកពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយសម្ដេចបានប្ដូរជីវិតចំពោះជាតិ តាំងពីឆ្នាំ១៩៧៧ រហូតទទួលបានសន្តិភាពពេញលេញ នៅទូទាំងប្រទេស នៅឆ្នាំ១៩៩៨។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានសូមឲ្យប្រជាពលរដ្ឋ មហាជន សិស្ស និស្សិតទាំងអស់ រួមគ្នា គាំទ្រការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឲ្យគម្រោងនេះ សម្រេចបានជោគជ័យ សម្រាប់ជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយើង។

ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ចំពោះសមិទ្ធផល ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មានដូចជាការកសាង ប្រាសាទ ការពង្រីកសាលាធម្មសភា ការកសាងព្រះពុទ្ធរូបអង្គធំ កម្ពស់១៥ម៉ែត្រ មួយអង្គ និងព្រះពុទ្ធរូបតូចៗ ចំនួន១៤អង្គ គំនូរ និងសមិទ្ធផលផ្សេងៗទៀត ដែលសរុបជាទៅថវិកាប្រមាណ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕