(ព្រះសីហនុ)៖ ដើម្បីអបអរសាទរក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ឧសភា ទើបតែកន្លងផុតប៉ុន្មានថ្ងៃនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរលឹកការអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពនានារបស់ និយោជក និងកម្មករនិយោជិត ដែលមាននៅក្នុងច្បាប់ ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងជំរុញឲ្យបុគ្គលិកនិយោជិកទាំងអស់ ត្រូវធ្វើសៀវភៅការងារឲ្យបានគ្រប់ៗគ្នា ដែលទទួលបានអត្ថប្រយោជន៍ការងារជាច្រើននៅពេលក្រោយ។

ថ្លែងបែបនេះនាឱកាស លោក គួច ចំរើន អញ្ជើញចូលសំណេះសំណាលជាមួយនិយោជក និងកម្មករនិយោជិត តំបន់សេដ្ឋកិច្ចពេសេស ខេមបូឌាន ចេជាង ហ្គ័រជី ក្រោមប្រធានបទ (សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ) ស្ថិតនៅឃុំព្រតាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងកម្មករនិយោជិតចំនួន ៨០០នាក់ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សហគ្រាស រោងចក្រឧស្សាហកម្មតូច ធំ ជាច្រើនកន្លែងមិនថា ក្នុងខេត្ត ឬក៏ទូទាំងប្រទេសកម្ពុជា ពិតជាបានផ្តល់ការងារដ៏សមស្របមួយ ដល់បងប្អូននិយោជក និងកម្មករនិយោជិតនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ លោកក៏បានជំរុញឲ្យបុគ្គលិកនិយោជិតទាំងអស់ ត្រូវធ្វើសៀវភៅការងារឲ្យបានគ្រប់ៗគ្នា ដែលទទួលបានអត្ថប្រយោជន៍ការងារជាច្រើននៅពេលក្រោយ និងសូមឲ្យបុគ្គលិកនិយោជិតទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោក គួច ចំរើន បានលើកឡើងបន្ថែមថា ដោយរាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយប្រាក់សោធននិវត្តន៍ជូនដល់និយោជក និងកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបំរើការងារនៅក្រៅប្រព័ន្ធ ផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្ពុជា ដែលពីមុនមិនមានរបបសោធននិវត្ត តែឥឡូវនេះបានពង្រីករបបថែទាំសុខភាព ជូនអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបុគ្គល នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផ្តើមចេញពីបុគ្គលស្វ័យនិយោជន៍។

អភិបាលអភិបាលខេត្ត បានកោតសរសើរចំពោះប្រជាពលរដ្ឋកម្ពុជារបស់យើង ក្នុងនោះក៏មានកម្មករ កម្មារិនីយើងដែលបានសម្ដែងមតិក្នុងការគាំទ្រនៅគម្រោងជិកព្រែកហ្វូណនតេជោ ដោយរាជរដ្ឋាភិបាលកម្ពុជា បានបន្តគិតគូរយ៉ាងម៉ត់ចត់ ក្នុងការអភិវឌ្ឍន៍ព្រែកជិកហ្វូណនតេជោនេះ ដែលជាសេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងប្រទេសកម្ពុជា និងជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កូនចៅជំនាន់ក្រោយ ហើយប្រជាពលរដ្ឋក្នុងខេត្តរបស់យើងបានគាំទ្រយ៉ាងពេញទំហឹងនៅគម្រោងព្រែកជីកហ្វូណនតេជោ។

ឈ្លៀតក្នុងឱកាសនោះដែរ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវ: ខេត្តព្រះសីហនុ បានអាននៅសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធជាពិសេស កម្មករនិយោជិត និងនិយោជក ចូលរួមអនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។

ប្រធានបទនេះ គឺជាអនុសាសន៍ដែលបានលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ដោយការបង្ហាញឲ្យឃើញ កាន់តែច្បាស់នូវការប្ដេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម អត្ថប្រយោជន៍នានា របស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើង នៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារនិង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានចំណូលខ្ពស់ការងារកាន់តែសមរម្យ និងសម្បូរបែប ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសជួបសំណេះសំណាលខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្នុងនោះដែរកម្មករនិយោជិតចំនួន ៨០០នាក់ក្នុងម្នាក់ៗទទួលបាន ២ម៉ឺន ហើយចំពោះអ្នកមានផ្ទៃពោះ ១៩នាក់ក្នុងម្នាក់ៗទទួលបាន ២០ម៉ឺនរៀលបន្ថែមផងដែរ៕