(ក្រចេះ)៖ ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅចំណុចគីឡូកែង៨៨ ស្ថិតនៅក្នុងឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញអះអាងថា បានសាងសង់ខុសពីលក្ខណៈបច្ចេកទេស ដោយការចាក់សាបខ្ពស់ ជាងផ្លូវថ្នល់ ហើយមិនធ្វើប្រឡាយសម្រាប់ឱ្យទឹកហូរ ពេលមានភ្លៀងធ្លាក់ម្តងៗ ពោលទឹកភ្លៀងហូរមកលើផ្លូវទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវសាធារណៈ និងការធ្វើចរាចរណ៍តាមដងផ្លូវ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ថានីយ៍ប្រេងឥន្ធនៈមួយនេះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុក ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ ធ្លាប់បានចុះទៅធ្វើការហាមឃាត់ជាច្រើន លើកច្រើនសារមកហើយ តាំងពីចាប់ផ្ដើមបុកគ្រឹះ សាងសង់ ដែលគេសង្ស័យថាសាងសង់ខុសលក្ខណៈបច្ចេកទេស។

កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រុមការងារការិយាល័យ ជំនាញរបស់រដ្ឋបាលស្រុកស្នួល ដឹកនាំដោយលោក ហួយ ចាន់ដានី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកបានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងសាងសង់ស្ថានីយ៍ប្រេងនៅចំណុចខាងលើ ដែលកាន់កាប់ដោយឈ្មោះ ហេង ស៊ីម៉ាឡែន។

នៅក្នុងការចុះពិនិត្យទីតាំងនោះកាលពីពេលកន្លងទៅ អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញរកឃើញថា ការចាក់សាបខ្ពស់ជាងផ្លូវ ធ្វើឱ្យទឹកហូរចាក់មកលើផ្លូវស្ទើរទាំងស្រុង ប្រព័ន្ធលូតូចហើយមានរំហ្វែរតែពីរ គឺនៅដើមទីមួយ និងខាងចុងមួយ ទឹកមិនអាចហូរចូលលូបាន។

ដោយឡែកចំពោះការសាងសង់ស្ថានីយ៍ប្រេងមួយនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា មិនទាន់ត្រឹមត្រូវនៅតាមប្លង់គោលដែលក្រសួងបានចេញ និងអនុញ្ញាតឲ្យសាងសង់នៅឡើយទេ អាជ្ញាធរនិងមន្ត្រីជំនាញស្នើឲ្យខាងភាគី ម្ចាស់ស្ថានីយ ធ្វើការកែសម្រួលឲ្យបានត្រឹមត្រូវ។

មន្ត្រីជំនាញបានឲ្យដឹងថា លោក ហេង ស៊ីម៉ាឡែន ដែលជាម្ចាស់ស្ថានីយ៍ប្រេង ហាក់មិនចូលរួមសហការជាមួយក្រុមការងារ និងបានតវ៉ាថា ការសាងសង់ស្ថានីយ៍ប្រេងនេះ គាត់បានសុំច្បាប់ពីក្រសួងដែនដី មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីរសូរិយោដីខេត្តរួចហើយ។

ជាក់ស្ដែងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីជំនាញមន្ទីរពាក់ព័ន្ធនៅក្នុងខេត្តដឹកនាំដោយលោក ហេង សុថា អភិបាលរងខេត្តក្រចេះ បានចុះទៅពិនិត្យទីតាំងស្ថានីយ៍ប្រេងនោះ សារជាថ្មីម្ដងទៀត តែយ៉ាងណានៅមិនទាន់ដឹងអំពី លទ្ធផលនៃការចុះត្រួត ពិនិត្យនៅទីតាំងនេះនៅឡើយទេ ដោយមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធមិនបានឆ្លើយតបដោយរង់ចាំការសម្រេចពីថ្នាក់ដឹកនាំខេត្ត៕