(ភ្នំពេញ)៖ ទម្រង់លិខិតរដ្ឋបាល គឺជាទម្រង់មួយ ដែលត្រូវអនុវត្តតាម តែក៏ត្រូវឲ្យមានការកែទម្រង់ ទៅតាមបរិយាកាសរដ្ឋបាលថ្មីដែរ ព្រោះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជាក់ចេញយុទ្ធសាស្ត្រ ផ្តោតលើវិស័យអាទិភាពចំនួន៥ ដែលក្នុងនោះក៏មាន បរិវត្តកម្មឌីជីថលផងដែរ ដែលទាមទារ ឲ្យការកែទម្រង់ ឲ្យទាន់បច្ចេកវិទ្យានេះ។

នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល» នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង២០០នាក់។

លោក កើត ឆែ បានថ្លែងថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីឲ្យសិក្ខាកាមជាមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ មានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំតាក់តែងលិខិតរដ្ឋបាល ឲ្យបានត្រឹមត្រូវ ទាំងទម្រង់ និងខ្លឹមសារ ស្របតាមក្បួនខ្នាត ដែលបានកំណត់ និងស្ថានភាពគ្រប់គ្រងរដ្ឋបាលជាក់ស្ដែងរបស់អង្គភាពនីមួយ។

លោក កើត ឆែ ក៏បានបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលសមត្ថភាព ស្ដីពីការតាក់តែងលិខិតរដ្ឋបាលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងចំនួន២លើករួចមកហើយ ដោយលើកទីមួយធ្វើឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

លោកបន្តថា បងប្អូនយើងជាមន្ត្រីមួយចំនួន មិនបានចូលរៀនផ្នែករដ្ឋបាលនេះទេ ដោយចូលមកបម្រើការងារតែម្ដង ដែលតម្រូវឲ្យមានវគ្គបណ្ដុះបណ្ដាលនេះ។ លោកបានលើកឡើងជាឧទាហរណ៍ថា យើងជាមេចុងភៅ ត្រូវតែចេះធ្វើម្ហូប បើយើងមិនចេះធ្វើម្ហូបផង តើអាចក្លាយជាមេចុងភៅម៉េចកើតទៅ ដូច្នេះត្រូវតែរៀន និងសិក្សាស្រាវជ្រាវ ឲ្យក្លាយជាចុងភៅ ដែលមានសមត្ថភាពពិតប្រាកដ។

ទម្រង់លិខិតរដ្ឋបាល ជាទម្រង់មួយដែលត្រូវអនុវត្តតាម តែក៏ត្រូវឲ្យមានការកែទម្រង់ទៅតាមបរិយាកាសរដ្ឋបាលថ្មីដែរ។ ជាក់ស្តែងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋបានជាក់ចេញ យុទ្ធសាស្ត្រ ផ្តោតលើវិស័យអាទិភាពចំនួន៥ ដែលក្នុងនោះក៏មាន បរិវត្តកម្មឌីជីថលផងដែរ ដែលទៀមទាអោយការកែទម្រង់អោយទាន់បច្ចេកវិទ្យានេះ។

លោកថា ក្នុងនាមមន្ត្រីរដ្ឋបាលត្រូវតែតាំងចិត្តដើម្បីបំពេញការងាររដ្ឋបាល។ ដូច្នេះមន្ត្រីរដ្ឋបាលត្រូវតែខិតខំរៀនសូត្រ ជាមួយនឹងការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យការងាររបស់យើង ដំណើរការទៅដោយរលូន និងគ្មានកំហុសឆ្គង។

លោកបញ្ជាក់ផងដែរថា ការបណ្ដុះបណ្ដាលនេះ គឺសំដៅឲ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរបស់យើង ចេះសរសេរបែបបទរដ្ឋបាល ចេះពីរបៀបរបបទម្រង់ នៃការប្រើប្រាស់លិខិត និងការសរសេរលិខិតកុំឲ្យមានបទល្មើស។ លោកបានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកដឹកនាំផង ហើយក៏ជាដៃគូរសហការជាមួយវិស័យឯកជនផងដែរ។

លោកក៏បានលើកឡើងផងដែរថា សម្រាប់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ យើងទាំងអស់ដែលមានវត្តមាននៅក្នុងវគ្គមណ្ឌលបណ្ដាលនេះ បើស្រឡាញ់ គាំទ្រ និងជឿជាក់ លើសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមប្ដូរប្រូហ្វាលលើប្រព័ន្ធតេឡេក្រាម និងហ្វេសបុក ដោយគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ៕