(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ន ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញនូវសេវាសំខាន់ៗដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

គួរបញ្ជាក់ដែរថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញ ទំនិញ ពីគយ តាមមធ្យោបាយអេឡិចត្រូនិក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គ្រប់ក្រសួង-ស្ថាប័ន, ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន រួមសហការគ្នារៀបចំជាក្របខណ្ឌរួមមួយ ដែលសម្តេចសូមដាក់ឈ្មោះថា «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» ដើម្បីជាមូលដ្ឋានឈានទៅពង្រីកការដ្ឋានការងារផ្សេងៗទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និងបង្កើនភាពទាក់ទាញរបស់កម្ពុជា សម្រាប់ការវិនិយោគ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ក្រសួង-ស្ថាប័ន ត្រូវបន្តលើការងារលើកកម្ពស់បរិយាកាសធុរកិច្ច និងការសម្រួលពាណិជ្ជកម្ម, ជាពិសេសត្រូវជំរុញអនុវត្តឱ្យបានជោគជ័យនូវវិធានការទាំងឡាយដែលត្រូវបានដាក់ចេញ នៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅផងដែរ៕