(ភ្នំពេញ)៖ អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ហើយដែលបច្ចុប្បន្ន ក្លាយជាមេដឹកនាំគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា លោក សម រង្ស៊ី និង លោក កឹម សុខា ពេលនេះកំពុងបាត់បង់សិទ្ធិជាមេដឹកនាំ ដោយសារតែអ្នកទាំងពីរកំពុងតែមានទោសទណ្ឌ ដែលកំពុងវក់វី នៅក្នុងតុលាការ។

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពី មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានព្រមានជាថ្មីថា នឹងដឹកនាំធ្វើបាតុកម្ម បើសិនជាមិនមានដំណោះស្រាយនយោបាយ ឬតុលាការចុងក្រោយនៅតែកាត់ទោសឱ្យលោកជាប់ពន្ធនាគារទៀតនោះ។

លោក ពេជ្រ ស្រស់ បានលើកឡើងថា «អ្នកទាំងពីរត្រូវបានបាត់បង់សិទ្ធិជាមេដឹកនាំក្នុងហ្វូងមនុស្សបាត់ទៅហើយ បើអ្នកទាំងពីរនៅតែបន្តសកម្មភាពញុះញង់ឲ្យពលរដ្ឋខ្មែរគាំទ្រសកម្មភាពរបស់ខ្លួនតទៅទៀត ស្មើរនឹងអ្នកទាំងពីរ កំពុងនាំពលរដ្ឋខ្មែរដើរលើផ្លូវខុសដូចខ្លួនផងដែរ ក្នុងន័យនេះគួរអ្នកទាំងពីរលាងខ្លួនឲ្យស្អាតស្អំដើម្បីយកសិទ្ធិជា មេដឹកនាំមកវិញសិន ចាំបន្តសកម្មភាពរបស់ខ្លួនទៅមុខទៀតបើមិនដូច្នេះទេអ្នកទាំងពីរត្រូវបានបក្ខពួកគាំទ្រខ្លួននឹងដាក់ បណ្តាសសារលើអ្នកទាំងពីរជាក់ជាមិនខាននៅថ្ងៃណាមួយ ដោយហេតុថាពួកគេត្រូវបាន អ្នកទាំងពីរនាំដើរលើផ្លូវខុស ដូចអ្នកទាំងពីរដែរ»

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសរូបឱ្យជាប់ ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល ពីបទមិនចូលខ្លួនក្នុងនាមជាសាក្សីនៃសំណុំរឿងសញ្ចារកម្ម។ ទោះជាយ៉ាងណាសាលក្រមនេះ មិនទាន់ក្លាយជាសាលក្រមស្ថាពរនៅឡើយទេ ខណៈដែល ក្រុមមេធាវីរបស់លោក គ្រោងនឹងដាក់ពាក្យប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍ អំឡុងពេល១ខែនេះ។

ចំណែក លោក សម រង្ស៉ី ប្រធានគណបក្សប្រឆាំងវិញ រហូតដល់ពេលនេះ កំពុងញ៉ាំញីដោយពាក្យបណ្តឹងដោយសារតែ ការនិយាយចោទប្រកាន់ ទៅបុគ្គលមួយចំនួននៅជួររាជរដ្ឋាភិបាល ក្នុងនោះមានបណ្តឹងបរិហារ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កំពុងទាមទារឱ្យអនុវត្តសាលក្រម និងសាលដីកា, បណ្តឹងបរិហារកេរ្តិ៍លើ សម្តេច ហេង សំរិន ,បណ្តឹងពាក់ព័ន្ធ នឹងការបង្ហោះឯកសារក្លែងបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងបណ្តឹងចោទប្រកាន់គ្មានមូលដ្ឋាន ដែលប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន ផងដែរ៕