(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម នៅក្នុងពិធីសម្ពោធ បើកពិធីតាំងពិព័រណ៌ចិន អាស៊ានលើកទី១៣ ជាផ្លូវការ នៅទីងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន និងបណ្ដាប្រមុខថ្នាក់នាំអាស៊ានមួយចំនួនទៀត ព្រមទាំងតំណាងក្រុមហ៊ុនធំៗ និងវិស័យឯកជនជាច្រើននៅក្នុងប្រទេសចិនផងដែរ។

នៅលើបណ្តាញសង្គម Facebook សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា​ «វត្តមានសម្តេចអញ្ជើញចូលរួមក្នុងពិធីពិពរណ៍នេះ គឺដើម្បីកៀងគរអ្នកវិនិយោគចិន​ទៅវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត និងដើម្បីបង្ហាញផលិតផលខ្មែរ មកកាន់ទីផ្សារប្រទេសចិន។ ជាពិសេសទៀតនោះ គឺដើម្បីពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងចិន និងកម្ពុជាឱ្យកាន់តែប្រសើរឡើង»

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា កំពុងនឹងដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ ចិន-អាស៊ានលើកទី១៣ នៅទីក្រុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោក៏នឹងអញ្ជើញចូលរួមវេទិកា ស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ចិន លើកទី១ផងដែរ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា។

តាមរយៈវេទិកា នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថា នឹងជួយកៀរគរវិនិយោគិនចិន នៅខេត្តក្វាងស៊ីមកបណ្តាក់ទុនវិនិយោគឲ្យកាន់តែច្រើន ថែមទៀតនៅប្រទេសកម្ពុជា៕