(ប៉ៃលិន)៖ កម្លាំងនគរបាលខេត្តប៉ៃលិន បានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នេះថា នាម៉ោង០១៖០០នាទីរំលងអធ្រាត មានករណីមនុស្សម្នាក់ដើរជាន់មីនបណ្តាលឲ្យផ្ទុះ រងរបួសធ្ងន់ធ្ងរ នៅចំណុចជិតបង្គោលឡាក់លេខ៦៨ រវាងព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មន្ដ្រីដដែល បញ្ជាក់ថា​ ជនរងគ្រោះឈ្មោះ នង ភារម្យ ​អាយុ៤៦ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិឃុំកើតហេតុខាងលើ ​ដោយសារជនរងគ្រោះស្រវឹងខ្លាំង រួចដើរចូលទៅក្នុងចំការ ហើយវង្វេងផ្លូវចូលទៅក្នុងចំការមីនបង្កឲ្យផ្ទុះមីន បណ្តាលឲ្យរងរបួសធ្ងន់ ដាច់ជើង និងដាច់ដៃ​ លុះរហូតដល់ម៉ោង០៤៖០០ទាបភ្លឺ ទើបកម្លាំងបុស្តិ៍ប្រទះឃើញ​ រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក តែម្ដង៕