(ស្វាយរៀង)៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៣៦គ្រួសារ នៅក្នុងស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។

ដោយមើលឃើញនូវទុក្ខលំបាករបស់ពលរដ្ឋបែបនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយស និងលោកស្រី ពៅ សុភាព ដែលជាហេរញ្ញឹក បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនបានទាន់ពេលវេលា។

លោកស្រី ដួង វណ្ណា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហម ខេត្តស្វាយរៀង បានសម្តែងការសោកស្តាយចំពោះការខូចខាត ទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់នេះ។

លោកស្រី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាក្នុងការជួយរៀបចំផ្ទះសម្បែងប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានសមរម្យឡើងវិញ ដើម្បីជាជម្រកសម្រាប់ពួកគាត់ស្នាក់នៅបន្ត ម្យ៉ាងទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់។

សូមបញ្ជាក់ថា ខ្យល់កន្ទ្រាក់កាលពីថ្ងៃទី៥ ខែឧសភា បានវាយប្រហារផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៣៦គ្រួសារ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំស្វាយយា ស្រុកស្វាយជ្រំ ចំនួន៣៤ខ្នង នៅឃុំថ្មី ស្រុកកំពង់រោទិ៍១ ខ្នង ឃុំទួលស្តី ស្រុកចន្ទ្រា១ខ្នង ក្នុងនោះ ខូចខាតទាំងស្រុង៥ខ្នង មធ្យម១៣ខ្នង និងតិចតួច១៨ខ្នង៕