(ភ្នំពេញ)៖ ក្រសួងចំនួន ៣ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និង​ឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូង ​ក្នុងការសិក្សាស្វែងយល់បញ្ហារួមគ្នា ​ដើម្បីពិនិត្យពិភាក្សាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅជនបទ ដែលភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្ម។

កិច្ចប្រជុំលើកដំបូងនេះ ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ ដោយមាន​ការ​អញើញ​ចូល​រួ​មពីរដ្ឋមន្រ្តីទាំង៣រួមមាន​ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ​លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម និង​លោក ឆាយ ឫទ្ធិសែន​ រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងកិច្ចប្រជុំនេះថា នេះគឺជាកិច្ចប្រជុំលើកដំបូង ប៉ុន្តែមិនមែនជាលើកចុងក្រោយនោះទេ ដោយ​ក្រសួងទាំង៣ នឹង​បើកកិច្ចប្រជុំជាបន្តបន្ទាប់ រៀងរាល់៣ខែម្តង ទៅតាមការចាំបាច់ណាមួយ ដោយឆ្លាស់វេនគ្នា ទៅតាមក្រសួងនីមួយៗ ដើម្បីធ្វើយ៉ាងណាឱ្យការសហការគ្នារវាងក្រសួងទាំងបីកាន់តែល្អប្រសើរ មានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ​នៅតាមជនបទ។ ​​

លោកបន្ថែមថា ការសហការរវាងក្រសួងទាំង៣ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវិស័យអភិវឌ្ឍន៍ជនបទ មានទំនាក់ទំនងច្រើនជាមួយវិស័យកសិកម្ម ដោយសារសេដ្ឋកិច្ចជនបទ ភាគច្រើនគឺអាស្រ័យទៅលើកសិកម្ម។ ហើយការធ្វើកសិកម្ម ក៏ពឹងផ្អែកទៅធនធានទឹកដូចគ្នា។ ហេតុនេះហើយ ក្រសួងទាំង៣ គួរតែមានផែនការរួមគ្នា ដើម្បីដាក់មធ្យោបាយ និងធនធានរួមគ្នា ​ក្នុងជំរុញការអភិវឌ្ឍន៍នៅតំបន់ជនបទ។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ ដោយជំរុញអនុវត្តវិធានការចាំបាច់ ដោះស្រាយបញ្ហាប្រឈមនានា ជូន​ប្រជា​កសិករ ​និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម សន្តិសុខស្បៀង និងនិរន្តរភាព សំដៅ​លើក​ស្ទួយ​សេដ្ឋ​កិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ក្នុងកម្មវិធី​គោល​នយោបាយ​អាទិភាព​ទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​នៃ​កម្ពុជា សម្រាប់វិស័យកសិកម្មនេះរួមមាន៖ ១.លើកស្ទួយ និង​រក្សា​លំនឹងថ្លៃ​កសិផល​តាមរយៈ​កម្ម​វិធី​ហិរញ្ញប្បទាន ២.ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង ៣. អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ទំនើប​៕