(ភ្នំពេញ)៖​ ក្រុមកម្មវិធីយុវជន ទំពាំងស្នងឫស្សី​ នៃសហភាពសហព័ន្ធ ​យុវជនកម្ពុជារាជធានីភ្នំពេញ​ ដឹកនាំដោយ​លោក​ ឈួរ​ ឈុនហួរ​ ប្រធានជំនាន់ទី១​ ក្រោមការណែនាំផ្ទាល់ពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាព​​សហព័ន្ធ​យុវជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០១៦នេះ​ បានបន្ដសកម្មភាព​ ដាំដើមឈើនៅ​វិទ្យាល័យព្រែកកំពឹស ស្ថិតក្នុងសង្កាត់ ព្រែកកំពឹស ​ខណ្ឌដង្កោ។

ពិធីនេះបានធ្វើឡើង​ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដង្កោ​ និងលោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនេះដែរ​​ លោក​ ឈួរ​ ឈុនហួរ​ ប្រធានជំនាន់ទី១​ នៃកម្មវិធីទំពាំងស្នងឫស្សី​ បានលើកឡើងថា​ «ការដាំកូនប្រមាណជាង ១០០ដើមនាពេលនេះ​ ធ្វើឡើងក្នុងន័យគិតគូរពីបញ្ហា បរិស្ថានពេលបច្ចុប្បន្ន និងនៅពែលអនាគត ជាពិសេសដើម្បីឲ្យប្រទេសជាតិ យើងមានគម្របព្រៃ ដើម្បីប្រយោជន៍សម្រាប់មនុស្សជាតិផង និងសម្រាប់ជាប្រយោជន៍ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ដែលផ្ដើមចេញពីវាគ្មិនទំពាំងស្នងឫស្សីរបស់យើង»។

លោក​ បានបន្ថែមថា «យើងផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ ធ្វើជាយុវជន មិនត្រូវចាំតែរិៈគន់សង្គម នឹងមើល បំណាំសង្គមនោះទេ តែត្រូវចាប់ផ្តើមធ្វើ និងការចូលរួមចំណែកជាមួយសង្គម តាមរូបភាពដែល​អាចធ្វើបាន»។

សូមបញ្ជាក់ថា​ ក្រុមយុវជនទំពាំងស្នងឫស្សី​ត្រូវបានបង្កើតឡើង​ ដោយការបោះឆ្នោតជ្រើសរើស​ ពីយុវជន​ ក្នងសង្កាត់​ ខណ្ឌ​ និងតាមមន្ទីរ​ ក្រសួង​ ដែរមានសមាជិក១៣៦នាក់។ កន្លងមកក្រុម​យុវជន​នេះ​ បានចូលរួមក្នុងការងារសង្គមជាច្រើនផងដែរ​ ហើយការងារទាំងនោះ គឺកើតឡើងពីការស្ម័គ្រចិត្ត​ ដើម្បីចូលរួម​ចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្ដេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋ​មន្ដ្រីនៃកម្ពុជា​ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន៕