(ភ្នំពេញ)៖ យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពដែលបែកធ្លាយបានបង្ហាញនៅថ្ងៃកើតហេតុឱ្យដឹងថា លោកវរសេនីយ៍ត្រី ផាត ផានណូ ដែលត្រូវបណ្តេញចេញពីក្របខណ្ឌ ពុំបានបាញ់ការពារខ្លួននោះទេ ប៉ុន្តែជាការធ្វើសកម្មភាពបាញ់បោះសេរី។ ជាមួយគ្នានេះលោកក៏ត្រូវបានសមត្ថកិច្ចរកឃើញថា មានសារធាតុញៀននៅក្នុងខ្លួន និងប្រើប្រាស់អាវុធខុសច្បាប់ថែមទៀត។

លោកវរសេនីយ៍ត្រី ផាត ផានណូ ត្រូវបាន លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយលោកមានតួនាទីជា ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។

ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធាស័ក្តិ៤រូបនេះ បានបាញ់ចំនួន៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ និងរកឃើញថា មានសារធាតុញៀននៅក្នុងខ្លួន ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់ថែមទៀត។

បន្ទាប់ពីលុបឈ្មោះចេញពីក្របខណ្ឌ នៅរសៀលថ្ងៃទី៤ ខែឧសភានេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនវរសេនីយ៍ត្រី ផាត ផានណូ ទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕