(ពិភពលោក)៖ តើកូរ៉េខាងជើងពិតជាអាចបំពាក់ក្បាលនុយក្លេអ៊ែរលើគ្រាប់រ៉ុកែត និងដាក់គោលដៅបាញ់ប្រហារទៅលើគូសត្រូវសំខាន់ៗរបស់ខ្លួនមែនទេ?

មជ្ឈដ្ឋានខ្លះនៅតែមានការសង្ស័យថា តើប្រទេសកូរ៉េខាងជើងអាចបង្កើតក្បាលគ្រាប់នុយក្លេអ៊ែរតូចល្មម ដើម្បីបំពាក់លើគ្រាប់មីស៊ីលបានដែរឬទេ? យ៉ាងនេះក្តី ប្រទេសកូរ៉េខាងជើង បានបញ្ជាក់យ៉ាងច្បាស់ពីរឿងនេះ កាលពីថ្ងៃសុក្រម្សិលមិញនេះ។

ក្រុមអ្នកតាមដានរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រម្សិលមិញ មានកម្លាំងថាមពលចំនួន ១០គីឡូតោន (១គីឡូតោន = ១០០០តោន TNT, TNT ជាខ្នាតវាស់ថាមពលនៃអាវុធជាតិផ្ទុះ) ដែលធ្វើឲ្យវាក្លាយជាការបាញ់សាកល្បង ដែលមានថាមពលខ្លាំងជាងគេក្នុងចំណោមការបាញ់សាកល្បងទាំង ៥លើក នាពេលកន្លងទៅនេះ។ ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បាញ់គ្រាប់មីស៊ីលបាលីស្ទីក ដែលបានធ្លាក់ទៅក្នុងតំបន់ការពារដែនអាកាសជប៉ុន និងមានចម្ងាយប្រមាណ ២៥០គីឡូម៉ែត្រពីកោះនៃប្រទេសជប៉ុន។ កាលពីខែសីហាកន្លងទៅនេះ គ្រាប់មីស៊ីលដែលបាញ់ចេញពីនាវាមុជទឹកកូរ៉េខាងជើង ក៏បានធ្លាក់ក្នុងតំបន់នេះដូចគ្នា។

គ្រាប់មីស៊ីលបាលីស្ទីក របស់កូរ៉េខាងជើង បាញ់សាកល្បងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦

* ក្តីបារម្ភខ្ពស់របស់បណ្តាប្រទេសក្នុងតំបន់
ជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Yonsei ប្រទេសកូរ៉េខាងត្បូង បានលើកឡើង ដោយយោងតាមការអះអាងពីសំណាក់កូរ៉េខាងជើងថា «ពួកគេមិនត្រឹមតែអាចមានសមត្ថភាពក្នុងការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងអាចបង្កប់ជាតិនុយក្លេអ៊ែរ ក្នុងអាវុធផ្សេងទៀតថែមទៀតផង។

«ប្រសិនបើមានភស្ថុតាងបញ្ជាក់ថា កូរ៉េខាងជើងពិតជាអាចធ្វើបាន ឬផលិតរួចរាល់ទៅហើយនោះ នេះជាក្តីបារម្ភខ្ពស់សម្រាប់ប្រទេសក្នុងតំបន់» នេះជាការលើកឡើងរបស់លោក Alexander Neill អ្នកជំនាញតាមដានប្រទេសកូរ៉េខាងជើង ប្រចាំនៅវិទ្យាស្ថានអន្តរជាតិ។

លោក Lassina Zerbo រដ្ឋមន្ត្រីប្រចាំអង្គការសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរបានលើកឡើងថា «ការបាញ់សាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ត្រូវបានធ្វើឡើងជាលើកទីពីរសម្រាប់ឆ្នាំ២០១៦នេះ ជាការបង្ហាញថាប្រទេសកូរ៉េខាងជើងជាប្រទេសនាំមុខគេផ្នែកបច្ចេកវិទ្យាផលិតអាវុធ»

យ៉ាងនេះក្តី អ្នកវិភាគបានបញ្ជាក់ថា គ្មានផ្លូវយើងដែលអាចបញ្ជាក់ពីការវិវឌ្ឍន៍ទៅមុខនៃបច្ចេកវិទ្យាគ្រាប់មីស៊ីល របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានឡើយ ដរាបណាប្រទេសកុម្មុយនីសមួយនេះ មិនទាន់បានប្រើប្រាស់វាយ៉ាងពិតប្រាកដ។

លោក Melissa Haham អ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំមជ្ឈមណ្ឌល James Martin បានលើកឡើងថា «យើងមិនអាចធ្វើការសិក្សាស្វែងយល់បានស៊ីជម្រៅ ដោយគ្រាន់តែពឹងផ្អែកលើទំហំនៃអាវុធរបស់កូរ៉េខាងជើងបានឡើយ។ អ្វីដែលជាក្តីបារម្ភខ្ពស់របស់ខ្ញុំ គឺប្រទេសនេះនឹងបំពាក់នុយក្លេអ៊ែរនៅលើគ្រាប់មីស៊ីលរបស់ខ្លួន។ វាក៏ជាបញ្ហាដ៏លំបាកសម្រាប់ប្រទេសជប៉ុន ចិន និងសហរដ្ឋអាម៉េរិក ដើម្បីដឹងច្បាស់ថា តើវាជាការបាញ់សាកល្បង ឬជាការពិត តែវាជារឿងដ៏គ្រោះថ្នាក់ដែលអាចបង្កជាសង្គ្រាមបាន»

* តើពិភពលោកគួរឆ្លើយតបទង្វើកូរ៉េខាងជើងដោយរបៀបណា?
សហគមន៍អន្តរជាតិបានបង្ហាញប្រតិកម្ម និងការថ្កោលទោសយ៉ាងចាស់ដៃ ទៅលើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយក្នុងនោះក៏មានសហរដ្ឋអាមេរិក រុស្ស៊ី កូរ៉េខាងត្បូង និងសូម្បីចិនផងដែរ ដែលមានបន្ទាត់ព្រំដែនជាប់ប្រទេសកូរ៉េខាងជើង បានបង្ហាញការកាត់ផ្តាច់ទំនាក់ទំនងការទូត ព្រមទាំងប្រកាសមិនទទួលយកទង្វើនេះឡើយ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានចាត់ទុកការបាញ់សាកល្បងនេះថាជាការគំរាមកំហែងដល់សន្តិសុខសុវត្ថិភាពរបស់ប្រទេសជប៉ុន។ ចំណែកលោក Christoper Hill អតីតអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ខណៈនេះវាមិនមែនជាពេលដែលត្រូវវាស់ស្ទង់ពីសមត្ថភាពរបស់កូរ៉េខាងជើងតទៅទៀតឡើយ តែវាជាពេលដែលត្រូវរៀបចំគម្រោងដើម្បីទប់ទល់នឹងបញ្ហានេះ។

លោក Hill បានបញ្ជាក់ថា «កន្លងមកខ្ញុំបានសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើងច្បាស់ជាបំពាក់នុយក្លេអ៊ែរនៅលើគ្រាប់មីស៊ីល ហើយយើងបានធ្វើការតាមដានយ៉ាងដិតដល់ និងស្វែងរកមធ្យោបាយថាតើយើងនឹងដោះស្រាយដោយរបៀបណា កុំរំពឹងថា កូរ៉េខាងជើងនឹងបន្ទន់ឥរិយាបទចំពោះការដាក់ទណ្ឌកម្ម ឬបន្តកិច្ចចរចាជាថ្មី ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរនេះឲ្យសោះ។ ខ្ញុំមិនធានាបានថាតើ លោក គីម ជុងអ៊ុន ជាមនុស្សដែលទទួលខុសត្រូវឬយ៉ាងណានោះទេ»

* តើគួរសហការណ៍ជាមួយចិន ឬយ៉ាងណា?
លោក Hill ក៏ជាជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការប្រចាំអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វីកផងដែរ កាលពីឆ្នាំ២០០៥-២០០៩ កន្លងទៅនេះ។ លោកបានលើកឡើងថា «យើងចាំបាច់ត្រូវអង្គុយចុះជាមួយចិន និងនិយាយរួមគ្នាថា យើងត្រូវការដោះស្រាយបញ្ហានេះជាបន្ទាន់ ក្នុងទិសដៅកាត់បន្ថយ ឬលុបបំបាត់បញ្ហានេះចោលតែម្តង»

ដោយឡែក លោក Philip Yun ប្រធានប្រតិបត្តិនៃមូលនីធិ Ploughshares ជាអង្គការមានគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ ក៏បានបញ្ជាក់ផងដែរថា ពិភពលោកមិនអាចពន្យារពេលក្នុងការឆ្លើយតប ចំពោះការបាញ់សាកល្បងជាថ្មីរបស់កូរ៉េខាងជើងបានតទៅទៀតឡើយ៕