(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ និងបេះដូងដ៏ពុះកញ្ជ្រោលរបស់ប្រជាជនខ្មែរទូទាំងប្រទេស និងប្រជាជនខ្មែរដ៏ច្រើនលើសលប់ដែលកំពុងរស់នៅឯនាយសមុទ្រ ដែលប្រាថ្នាចង់ឃើញព្រែកជីកនេះលេចចេញជារូបរាងឆាប់ៗនៅលើទឹកដីខ្មែរ ដែលជារដ្ឋអធិបតេយ្យមួយមានអត្ថិភាពរាប់ពាន់ឆ្នាំមកហើយនៅលើផែនដី។

លោកបណ្ឌិត គិន ភា គោលបំណងរបស់លោក សម រង្ស៊ី ចំពោះករណីនេះមានបួនធំៗ៖

ទី១. លោក សម រង្ស៊ី មានបំណងបម្រើផលប្រយោជន៍បរទេសជិតខាង និងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ជាយូរមកហើយ លោក សម រង្ស៊ី តែងតែយកបរទេសជាខ្នងបង្អែកនយោបាយប្រឆាំងរបស់ខ្លួន យកអាយុជីវិតប្រជាជន និងអ្នកគាំទ្រជាខែលការពារសុវត្ថិភាពផ្ទាល់ខ្លួន។ នយោបាយប្រឆាំងរបស់គាត់តែងបន្សល់ទុកនូវហានិភ័យជាច្រើនរាប់មិនអស់ដល់អ្នកគាំទ្រ និងអ្នកហែហមគាត់ តែគាត់ខ្លួនឯងរស់នៅសោយសុខស្រណុកស្រួលនៅគេហដ្ឋានផ្ទាល់ខ្លួននៅបរទេសយ៉ាងរំភើយ។ នយោបាយប្រឆាំងរបស់គាត់ក៏នាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិផងដែរ។

ទី២. លោក សម រង្ស៊ី ប្រាថ្នាចង់បានការតបតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រោះគាត់យល់ឃើញថា ការតបតណាមួយចេញពីសម្តេចតេជោក្តី ចេញពីសម្តេចធិបតីក្តី ធ្វើឱ្យគាត់មានទម្ងន់នយោបាយ។ សម្តេចតេជោ និងសម្តេចធិបតីកាន់តែតបត កាន់តែធ្វើឱ្យលោក សម រង្ស៊ី ទទួលបានមូលធននយោបាយ។

លោក សម រង្ស៊ី មើលឃើញយ៉ាងច្បាស់ពីទំហំនៃការគាំទ្រដ៏ផុលផុស និងយ៉ាងប្តូរផ្តាច់របស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោនេះ។ ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសបានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាពនិងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។ កម្លាំងគាំទ្រនេះ គឺជាការបិទជីពចរប្រឆាំងរបស់លោក សម រង្ស៊ី ខណៈ អ្នកជំនិតនិងមនុស្សសំខាន់ៗនៅជុំវិញគាត់បានចាកចេញពីគាត់ជិតអស់ទៅហើយ។ លោក សម រង្ស៊ី កំពុងឯកោជាខ្លាំងដែលនាំឱ្យលោកពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង និយាយប៉ាតណាប៉ាតណី លែងខ្វល់ខ្វាយពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។

ទី៣. លោក សម រង្ស៊ី ព្យាយាមបំភ័យប្រជាជនពីផលប៉ះពាល់ខាងផ្នែកបរិស្ថាន និងអេកូឡូស៊ីដូចដែលវៀតណាមបានលើកឡើងដែរ ដែលតាមពិតគឺលោក សម រង្ស៊ី ឈរខាងវៀតណាមខ្លាចបាត់បង់ផលប្រយោជន៍វៀតណាម, ឥទ្ធិពលវៀតណាមមកលើកម្ពុជា។ លោក សម រង្ស៊ី ព្យាយាមបំភ័យប្រជាជនដោយភ្ជាប់ព្រែកជីកនេះទៅនឹងយុទ្ធសាស្ត្រយោធាចិន ដែលនោះជាភាសារបស់មហាអំណាចមួយដែលកំពុងព្រួយបារម្ភចំពោះការរះឡើងរបស់ចិនតែប៉ុណ្ណោះ។

ទី៤. លោក សម រង្ស៊ី ព្យាយាមធ្វើឱ្យរូបគាត់ ឈ្មោះគាត់ សំឡេងគាត់ បានអណ្តែតខ្លះលើប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ ដ្បិតរូប ឈ្មោះ និងសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែលេចត្រដែតឡើងយ៉ាងខ្លាំង និងរស់រវើកលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទូទាំងពិភពលោក និងក្នុងប្រព័ន្ធព័ត៌មានសង្គម។

លោកបណ្ឌិត គិន ភា បានថ្លែងថា សរុបសេចក្តីមក ការលើកឡើងម្តងហើយម្តងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដូចគ្នានឹងការលើកឡើងដដែលៗរបស់វៀតណាមដែរ ដែលហាក់ដូចជាមានចេតនារារាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលជាការរំលោភលើឯករាជ្យភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា កង្វល់របស់លោកលោក សម រង្ស៊ី ជាកង្វល់នយោបាយផ្ទាល់ខ្លួនដើម្បីបិទបាំងភាពឯកោ និងភាពទ័លច្រកនយោបាយរបស់គាត់ ជាជាងខ្វល់ខ្វាយពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងសុខទុក្ខរបស់ប្រជាជន។

លោកបណ្ឌិត គិន ភា បានបន្តថា ក៏ប៉ុន្តែ ទោះបីជាមានការរាំរាំងបន្ទុចបង្អាក់ពីអានុភាពណាក៏ដោយ ក៏រាជរដ្ឋាភិបាលយើងត្រូវតែសាងសង់ព្រែកជីកនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ទោះមាន ឬគ្មានការវិនិយោគរបស់បរទេសក៏ដោយ ព្រោះប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ ឈរយ៉ាងរឹងមាំនៅជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកនេះ។

លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា យើងសាងសង់ព្រែកជីកយើង ដើម្បីមោទនភាពជាតិយើង ឯកភាពជាតិយើង សាមគ្គីជាតិយើង  ឯករាជ្យជាតិយើង ផលប្រយោជន៍សេដ្ឋកិច្ចជាតិយើង និងទុកជាមរតកឱ្យកូនចៅយើងរាប់ពាន់ឆ្នាំទៅមុខទៀត៕