(ស្វាយរៀង)៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អាគារសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដែលមានកម្ពស់ ៣ជាន់។

ពិធីបញ្ចុះបឋមសិលានេះមានការចូលរួមពីប្រតិភូអមដំណើរនៃក្រសួងយុត្តិធម៌ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក អ៊ាក ផល្លា ប្រធានសាលាដំបូង និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក លោកស្រី អនុប្រធានសាលាដំបូង លោកចៅក្រម លោកព្រះរាជអាជ្ញារង លោកប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល ក្រឡាបញ្ជី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា ពិធីបញ្ចុះបឋមសិលាសាងសង់អគារ សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តនេះបានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណី ទំនៀមទម្លាប់នៃ ព្រះពុទ្ធសាសនា ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃ​យើងដែលបានគោរពបដិបត្តិតរៀងមកដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយ៕