(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយនៅកម្ពុជានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានគាំទ្រចំពោះការដាក់ចេញប្រធានបទស្តីពីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរំលឹកខួបលើកទី១៣៨នៃទិវាពលកម្មអន្តរជាតិ។ ប៉ុន្តែទន្ទឹមនឹងនេះ លោកបណ្ឌិតយង់ ពៅ ក៏បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនត្រូវវង្វេងអ្វីដែលជាប្រយោជន៍របស់កម្មករដោយពិតប្រាកដនោះឡើយ ឬជាអ្វីដែលលោកហៅថា ឆ្នាំងបាយរបស់កម្មករ។

សម្រាប់លោក សហជីពនៅកម្ពុជា គួរតែមកគិតពីសុខដុមវិជ្ជាជីវៈក្នុងការបំពេញការងារដើម្បីភាពចម្រុងចម្រើនទាំងកម្មករ និងនិយោជកដែលជាការរក្សាបានឆ្នាំងបាយ ហើយក៏មិនគួរធ្វើជាឈ្នាន់នយោបាយដើរទៅតាមខ្សែញាក់ពីបរទេសនោះឡើយ។

ចំពោះអ្នកវិភាគរូបនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងជំនាញ បានអនុវត្តច្បាប់យ៉ាងត្រឹមត្រូវដើម្បីការពារប្រយោជន៍ដល់កម្មករនិយោជិត និងនិយោជកដោយឈរលើគោលការច្បាប់ក្នុងការរក្សាសុខដុមនីយកម្ម និងការថែរក្សាឆ្នាំងបាយរួម៕