(ប៉ៃលិន)៖ គណៈកម្មការយុវជនគ្រីស្ទបរិស័ទប្រចាំខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរសង្កាត់ប៉ៃលិន និងសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស យ.ក ខេត្តប៉ៃលិន ក៏ដូចជាយុវជនស្ម័គចិត្តសរុបចំនួន២៥០នាក់ នៅព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកយុទ្ធនាការសម្អាតបរិស្ថានជុំវិញក្រុងប៉ៃលិន នាឱកាសទិវាពលកម្មអន្តរជាតិ១ឧសភា។

យុទ្ធនាការនេះ បង្ហាញពីនិមិត្តរូបនៃការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាការពញ្ញាក់អារម្មណ៍ដល់យុវជនជំនាន់ក្រោយ ឱ្យយកចិត្តទុកដាក់ពីផលប៉ះពាល់នៃកាកសំណល់ ធ្វើឱ្យខូចសោភ័ណភាពបរិស្ថាន រមណីយដ្ឋាន ដូចអ្វីដែលប៉ាវចនាបានដាក់ចេញ បរិស្ថានស្អាត រមណីយដ្ឋានស្អាត កំណើនទេសចរណ៍។

យុទ្ធនាការនេះពញ្ញាក់អារម្មណ៍ដល់ស្រទាប់យុវជន ឱ្យមានការចូលរួមយកចិត្តទុកដាក់មានទម្លាប់ល្អ មានផ្នត់គំនិតស្រឡាញ់បរិស្ថានធម្មជាតិ ស្របតាមប៉ាវចនារបស់យុវជនគណៈកម្មការគ្រីស្ទបរិស័ទទូទាំងប្រទេស «គ្រប់គ្នាដើម្បីបរិស្ថាន បរិស្ថានដើម្បីគ្រប់គ្នា» បរិស្ថានស្អាតចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ និងគ្រួសារយើងផងដែរ។

គណៈកម្មការយុវជនគ្រីស្ទបរិស័ទប្រចាំខេត្តប៉ៃលិន សូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដី មន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានចូលរួមកិច្ចសហការល្អ រូបរួមគ្នាដើម្បីបង្ហាញអំពីសក្ខីភាព អំពីការរួបរួម ដើម្បីប្រទេសជាតិរបស់យើងគ្មានកាកសំណល់។

គណៈកម្មការយុវជនគ្រីស្ទបរិស័ទប្រចាំខេត្តប៉ៃលិន បួងសួងសូមព្រះយេស៊ូវប្រទានពរ ជូនចំពោះសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមសេចក្តីសុខសាន្ត សុខសុភមង្គល សុខភាពល្អបរិបូរណ៍កុំបីកុំអាក់ខានឡើយ៕