(ភ្នំពេញ)៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកផលិតផលគ្រឿងឧបភោគ បរិភោគ និងផលិតផលសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព មានបរិមាណសរុបចំនួន ១៧,៨៨០គីឡូក្រាម ដែលបានចុះ ត្រួតពិនិត្យ និងបង្រ្កាបបាន កាលពីពេលកន្លងមក។

ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី លោក ស្រ៊ុន ពៅ ប្រធានសមាគម អ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរខណ្ឌដង្កោ។

លោក ប៊ុន ចំរើន បានឲ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការចូលរួមពីអាជ្ញាធរ ខណ្ឌចំនួន៣ រួមមាន ៖ ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល បានចុះបង្ក្រាបទីតាំងចំនួន៣ និងមធ្យោបាយដឹកជញ្ជូនមួយចំនួន នៅដើមខែមេសានេះ។

លោកបានបន្តថា គោលបំណងនៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ ផលិតផលហួសកាលបរិច្ឆេទ ខូចគុណភាព គ្មានសុវត្ថិភាព និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន ពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុកជាដើម។

លោកអគ្គនាយករង បានបញ្ជាក់ថា សាច់បង្កក និងគ្រឿងឧបភោគ បរិភោគ ខូចគុណភាព ដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបានមន្រ្តីជំនាញ ក.ប.ប. បង្ក្រាបបានពីទីតាំង ចំនួន៣ និងមធ្យោបាយដឹកជញ្ជូនមួយចំនួន នៅក្នុងរាជធានីភ្នំពេញ នារយៈពេលកន្លងមក រួមមាន៖ ទឹកម្ទេស, ទឹកស៊ីអ៊ីវខាប់, ទឹកស៊ីអ៊ីវ, ទឹកប៉ៅហឺ, ប្រេងខ្យង, ឈាមទា, ជង្គង់មាន, ត្រចៀកជ្រូក, ជើងមាន់, អណ្តាតជ្រូក, ពោះវៀនជ្រូក -ល-។

ជាមួយគ្នានោះ លោក ស្រ៊ុន ពៅ ដែលបានចូលរួមដុតកំទេច សាច់បង្កក និងគ្រឿងឧបភោគបរិភោគខូចគុណភាព ក៏បានថ្លែងអំណរគុណ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ដូចជាអគ្គនាយកដ្ឋាន ក.ប.ប ដែលបានយកចិត្តទុកដាក់បង្ក្រាប សាច់បង្កក និងទំនិញខូចគុណភាពទាំងនេះ៕