(ភ្នំពេញ)៖ នៅចំថ្ងៃប្រារព្ឋទិវាពលកម្មអន្តរជាតិ ១ឧសភានេះ សហជីពធំៗនៅកម្ពុជា បានលើកឡើងថាការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពនៅមូលដ្ឋានក៏ដូចជាសហជីពថ្នាក់ជាតិ ទទួលបានការគាំពារសិទ្ធិដោយច្បាប់យ៉ាងពេញលេញ និងបានអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងទូលំទូលាយដែលបង្ហាញពីសិទ្ធិសេរីភាព គ្មានការបង្ក្រាប ហើយស្ថានភាពរបស់សហជីពនៅកម្ពុជា ក៏មានភាពល្អជាងប្រទេសជិតខាងក្នុងតំបន់។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមើលឃើញថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជពីមានភាពល្អប្រសើរដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចារជាមួយថៅកែរោងចក្រ។ ប្រការនេះ បានបង្ហាញថា កម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាពដែលជាឋានសួគ៌របស់សហជីព។

បន្ថែមពីនេះ លោក សុំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានអះអាងថាសិទ្ធិនៃការបង្កើតសហជីពនៅមូលដ្ឋានក៏បានរីកចម្រើនដែលមិនមានការរារាំងនិងរំខានពីរាជរដ្ឋាភិបាលនោះឡើយដែលធ្វើឱ្យចំនួនសហជីពបានកើនដល់ជាង៦០០០នាពេលបច្ចុប្បន្ន។ បើតាមប្រធានសហជីពចាស់វស្សារូបនេះ សហជីពដែលត្រូវបានរារាំងមានតែសហជីពឬការបង្កើតណាមួយដែលខុសច្បាប់ស្តីពីការងារតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយលោកកត់សម្គាល់ថា មានតែនៅកម្ពុជាប៉ុណ្ណោះ ដែលមានសហជីពច្រើនជាងគេដែលបង្ហាញពីសិទ្ធិសេរីភាពដ៏ទូលាយរបស់សហជីពនៅកម្ពុជា ប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់៕