(កម្ពុជា-ថៃ)៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមនាវីទោ សមរភូមិ ចាន់ថូ មេបញ្ជាការកងបញ្ជាការការពារព្រំដែន ច័ន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី១ (RBC) រវាងយោធភូមិភាគទី៥ (កម្ពុជា) និងបញ្ជាការដ្ឋានការពារព្រំដែន ច័ន្ទបុរី-ត្រាត (ថៃ) បន្ទាប់ពីដំណើរការអស់រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោក ម៉ុនស៊ីទ្ធិ ផៃសានថ្នាក់វ៉ាត់ អភិបាលខេត្តច័ន្ទបុរី និងលោក ណាក់រុង ថេពសេនា អភិបាលស្តីទីខេត្តត្រាត ព្រមទាំងនាយទាហាន នាយទាហានរង នាយសេនាធិការ យោធភូមិភាគទី៥ កងទ័ពជើងគោក, កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី-ត្រាត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធទាំង៥ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ យ៉ាងច្រើនកុះករ។

ការរៀបចំកិច្ចប្រជុំលើកនេះ ជាការអនុវត្តតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC-១៥) លើកទី១៥ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលកិច្ចប្រជុំបានឯកភាព ជម្រុញឱ្យមានការប្រជុំរួមគ្នា រវាងកងបញ្ជាការការពារព្រំដែន ច័ន្ទបុរី-ត្រាត ជាមួយនឹងយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានការពិភាក្សាគ្នា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត ឱ្យកាន់តែល្អទ្វេឡើង ព្រមទាំងដោះស្រាយនូវរាល់បញ្ហា តាមតំបន់ព្រំដែនរួមគ្នាឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញគោលនយោបាយ ការដោះស្រាយបញ្ហាតាមព្រំដែន ឆ្ពោះទៅរកប្រក្រតីភាពប្រសើរឡើង។

ក្នុងរយៈពេល០២ថ្ងៃនេះ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ (RBC)។ ក្រៅពីនោះភាគីទាំងពីរ កម្ពុជា-ថៃ បានលើកស្ទួយ និងជម្រុញឱ្យមានការអនុវត្តន៍ ទៅតាមអនុស្សារណៈ នៃការយោគយល់គ្នា ស្តីអំពីការត្រួតពិនិត្យ និងរៀបចំបោះបង្គោលសីមាព្រំដែន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ភាគីទាំងពីរ បានឯកភាពរួមគ្នា ឱ្យមានការប្រជុំពិភាក្សា ដើម្បីកំណត់ទិសដៅ ក្នុងការទប់ស្កាត់ការលបលួចកសាងសំណង់ខុសច្បាប់ និងការចោលសំណល់រឹង-រាវ ចូលអូរព្រំដែន កម្ពុជា-ថៃ។

ជាមួយគ្នានោះ ភាគីទាំងពីរ កម្ពុជា-ថៃ ក៏បានឯកភាពគ្នា ស្នើឱ្យមានការដើរល្បាត ដោយមានការទំនាក់ទំនងគ្នា តាមបណ្ដោយព្រំដែន កិច្ចសហប្រតិបត្តិការល្បាត ដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់ និងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន តាមបរិវេណព្រំដែន ទាំងការល្បាតផ្លូវអាកាសតាមបណ្តោយព្រំដែន ដោយស្នើឱ្យមានការទំនាក់ទំនងជាមុនសិន មុននឹងមានការហោះហើរ។

បន្ថែមពីនោះ ភាគីកម្ពុជា-ថៃ ក៏បានឯកភាព ប្តេជ្ញាគាំទ្រឱ្យមានការដំណើរការ កែសម្រួលច្រកព្រំដែន ចំនួន០៥ រួមមាន៖

ទី១៖ ច្រកទ្វារតំបន់អូររំដួល-ភូមិសាប់តារី ឱ្យទៅជាច្រកទ្វារអន្តរជាតិ ក្នុងភូមិសាស្ត្រភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទល់មុខភូមិសាប់តារី ឃុំធុងខ្នាន ស្រុកសយដាវ ខេត្តច័ន្ទបុរី។
ទី២៖ ឯកភាពស្នើសុំធ្វើការកសាងពង្រីកបន្ថែម ស្ពានមិត្តភាព កម្ពុជា-ថៃ នៅច្រកទ្វារអន្តរជាតិ ព្រំ-ផាក់កាត ក្នុងភូមិសាស្ត្រភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទល់មុខភូមិផាក់កាត ឃុំខ្លងយ៉ៃ ស្រុកពោងណាមរ៉ន ខេត្តច័ន្ទបុរី។
ទី៣៖ ត្រៀមជម្រុញឱ្យដំណើរការច្រក ច១-ឆាំរ៉ាក ស្ថិតក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងភូមិឆាំរ៉ាក ឃុំលែមក្លាត់ ស្រុកត្រាត ខេត្តត្រាត ឱ្យដំណើរការឡើងវិញ ទៅជាច្រកតំបន់ពាណិជ្ជកម្ម រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។
ទី៤៖ ឯកភាពស្នើសុំច្រកធម្មជាតិបឹងឆ្នាំង ឱ្យទៅជាច្រកតំបន់ ដែលបច្ចុប្បន្នខាងភាគីថៃ ជាច្រកតំបន់ ស្ថិតក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងស្ថិតក្នុងបឹងឆ្នាំងឡាង ឃុំថេបនិមិត្ត ស្រុកពោងណាមរ៉ន ខេត្តច័ន្ទបុរី ទៅជាច្រកតំបន់។
ទី៥៖ ស្នើសុំដំឡើងច្រកតំបន់៤០០-ម៉ាក់មួង ស្ថិតក្នុងភូមិឆក់រការ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងភូមិម៉ាក់មួង ឃុំនន់ស៊ី ស្រុកបរវៃ ខេត្តត្រាត ឱ្យទៅជាច្រកអន្តរជាតិ។

អង្គប្រជុំបានឯកភាព រៀបចំការប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី២ (RBC) នៅព្រះរាជាណាចក្រកម្ពុជា វិញម្តង សម្រាប់ការកំណត់ពេលវេលា និងទីកន្លែង នឹងមានការជូនដំណឹង តាមរយៈក្រុមលេខា នៃភាគីទាំងពីរ។

ក្នុងឱកាសនោះ ភាគីទាំងពីរ កម្ពុជា-ថៃ ក៏បានចុះហត្ថលេខា លើកំណត់ហេតុកិច្ចប្រជុំរួម ដែលរៀបចំឡើងជា០៣ច្បាប់ ក្នុងនោះ០១ច្បាប់ជាភាសាខ្មែរ ០១ច្បាប់ជាភាសាថៃ និង០១ច្បាប់ទៀតជាភាសាអង់គ្លេស ព្រមទាំងប្រគល់កាដូទៅវិញទៅមក និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕