(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមទេសចរណ៍កម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូនានា បានបង្ហាញការពេញចិត្តចំពោះលទ្ធផល និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលជំនាញ ហូកា ព្រមទាំងបានជំរុញឱ្យគម្រោងនេះពង្រីកការបណ្តុះបណ្តាជំនាញ ហូកា ឱ្យបាន២៥រាជធានី-ខេត្ត និងតាមជំនាញអាទិភាពសំខាន់ៗស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

គួរជម្រាបថា ក្រសួងទេសចរណ៍បានរៀបចំ «ទិវាជំនាញ ហូកា ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍វិនិយោគលើធនធានមនុស្ស នៅសណ្ឋាគារសុខាភ្នំពេញ ពេញមួយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ជាមួយអ្នកចូលរួមប្រមាណ៣០០នាក់។

ក្នុងពិធីបិទទិវាជំនាញ ហូកា ឆ្នាំ២០២៤ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ទិវាជំនាញ ហូកា ឆ្នាំ២០២៤ គឺជាវេទិកាចែករំលែកបទពិសោធន៍ និងទស្សនទានល្អៗ លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅជំរុញអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ ជាពិសេសយុទ្ធសាស្ត្របណ្តុះបណ្តាលយុវជនចំនួន១.៥លាននាក់។

លោករដ្ឋលេខាធិការបានបន្តថា ក្រៅពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលរៀបចំដោយក្រសួងទេសចណ៍ យើងសង្កេតឃើញថាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ទាំងក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌល ឬវិទ្យាស្ថានក្រោមការគ្រប់គ្រង ដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការជាតិ-អន្តរជាតិ បានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកជំនាញតាមទម្រង់បណ្តុះបណ្តាលនានា សំដៅរួមគ្នាស្តារសម្បទាវិជ្ជាជីវៈឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ខណៈវិបត្តិនេះបានធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកសរុបចំនួន៣២,៨១១នាក់ ក្នុងចំណោមអាជីវកម្មសរុបចំនួន២,២៣៣ដែលត្រូវបានបិទ-ផ្អាកទូទាំងប្រទេសនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

លោក ប៉ាក់ សុខុម បានបញ្ជាក់ថា «ជាលទ្ធផល គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ចំនួនសរុប៤,៥៥៦នាក់ លើជំនាញ៖ គេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ឆុងកាហ្វេ ចុងភៅ មគ្គុទ្ទេសក៍ទេសចរណ៍ សហគមន៍ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល ក្នុងដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤នេះ»។

ក្នុងនាមតំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានចាត់ទុក «ទិវាជំនាញ ហូកា ឆ្នាំ២០២៤» ជាចលករដ៏មានសក្តានុពល ដើម្បីលើកកម្ពស់ភាពជាម្ចាស់នៃការបណ្តុះបណ្តាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងជំរុញលើកទឹកចិត្តដល់សមាគមឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជន និងភាគីពាក់ព័ន្ធឱ្យចូលរួមអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម «អភិវឌ្ឍន៍៣»។

លោករដ្ឋលេខាធិការប្រចាំការបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ប្រកបដោយជោគជ័យ និងប្រសិទ្ធភាព៖

១. បន្តកិច្ចសហការឲ្យបានជិតស្និទ្ធជាមួយអង្គការស្វីសខាន់ថាក់ ដៃគូអភិវឌ្ឍ សមាគម ឧស្សាហកម្មទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីពង្រីកការបណ្តុះបណ្តា ហូកា ឱ្យបាន២៥រាជធានី-ខេត្តទូទាំងប្រទេស និងតាមជំនាញអាទិភាពសំខាន់ៗស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

២. បន្តសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ដើម្បីជំរុញរៀបចំចងក្រងក្របខណ្ឌគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍តាមកម្រិត និងមុខរបរអាទិភាព សំដៅបង្កើតប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ថ្នាក់ជាតិដែលមានការទទួលស្គាល់ប្រកបដោយសង្គតិភាព និងបើកច្រកសិក្សាពេញមួយជីវិតដល់យុវជនកម្ពុជា និងខិតខំធ្វើសមមូលភាព ក្របខណ្ឌគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្ពុជា ជាមួយក្របខណ្ឌគុណវុឌ្ឍិអាស៊ានក្នុងក្របខណ្ឌ MRA-TP សំដៅផ្តល់ភាពបត់បែនដល់ការរៀបចំកម្មវិធីបណ្តុះបណ្តាល និងការសិក្សារបស់យុវជន។

៣. រដ្ឋបាលរាជធានី-ខេត្តសូមគំាទ្រ និងជំរុញការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា ឲ្យបានកាន់តែផុលផុសនៅកម្រិតថ្នាក់ក្រោមជាតិ សំដៅចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍របស់ខេត្ត និងផ្តល់ឱកាសការងារសមរ្យ និងកំណើនប្រាក់ចំណូលដល់យុវជន។

៤. គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងទម្រង់បណ្តុះបណ្តាលពង្រឹងសមត្ថភាព (Up-Skilling) ហើយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ត្រូវសម្របសម្រួលជាមួយសមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីរៀបចំសំណើគម្រោងបណ្តុះបណ្តាលទៅកាន់មូលនិធិអភិវឌ្ឍន៍ ដោយបើកទូលាយនូវការប្រឹក្សាយោបល់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងការបណ្តុះបណ្តាលគ្រូបង្គោលបន្ថែមទៀត។

៥. មន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងទាំងអស់ត្រូវបន្តខិតខំរៀបចំរចនាសម្ពន្ធអនុវត្តគម្រោងឲ្យបានល្អ មានប្រសិទ្ធភាព និងតម្លាភាព និងជំរុញពង្រឹងសមត្ថភាពគ្រូបង្គោលរបស់មន្ទីរទេសចរណ៍ និងពីវិស័យឯកជន ដើម្បីធានាដល់និរន្តរភាពនៃការបណ្តុះបណ្តាលក្រោយចប់គម្រោង។

៦. គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ត្រូវអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាពកម្មវិធីបណ្តុះបណ្តាល និងឯកសារបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ឲ្យបានកាន់តែល្អប្រសើរ ជាពិសេសជំរុញលើកទឹកចិត្តការចូលរួមរបស់ស្ត្រី ជំនាញបៃតង និងលើកកម្ពស់សហគ្រិនភាពក្នុងវិស័យទេសចរណ៍។

៧. ស្នើឲ្យគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ធ្វើការអង្កេតនិងសិក្សាពីប្រសិទ្ធផលក្រោយការបណ្តុះបណ្តាល ដើម្បីទទួលបានជាធាតុចូលសំខាន់ៗសម្រាប់រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សនៅថ្នាក់ជាតិ និងក្រោមជាតិ និងអនុវត្តឲ្យមានប្រសិទ្ធភាពនូវ «ផែនទីបង្ហាញផ្លូវជំនាញ ហូកា ឆ្នាំ២០២៤-២០២៨» មុននឹងបញ្ចប់នូវគម្រោងអភិវឌ្ឍន៍ជំនាញ៕