(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ លោកបណ្ឌិត គិន ភា និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ លោក ម៉ារ យ៉ារិទ្ធិ បានបង្ហាញការយល់ឃើញដូចគ្នាថា វៀតណាមមានសិទ្ធិបង្ហាញការព្រួយបារម្ភ ពាក់ព័ន្ធគម្រោងជីកព្រែកនេះ ហើយកម្ពុជាក៏មានសិទ្ធិឆ្លើយតប តែវៀតណាមគ្មានសិទ្ធិ ក្នុងការប្រឆាំង និងលូនលាន់គម្រោងអភិវឌ្ឍន៍ នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ។ អ្នកជំនាញទាំង២ បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោក ម៉ារ យ៉ារិទ្ធិ បានបន្ថែមថា៖ «ក៏មានដែរអ្នកនៅពីក្រោយ ដែលចង់ញុះញង់បំបែកបំបាក់វៀតណាមនឹងកម្ពុជា ដើម្បីប្រឆាំងនឹងចិន ទើបទាញរឿងព្រែកជីកហ្វូណន-តេជោ និងរឿងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាដូចគ្នា»

ចំណែកលោកបណ្ឌិត គិន ភា វិញបានបញ្ជាក់ថា៖ «សម្រាប់អ្នកនយោបាយប្រឆាំងនៅ ក្រៅប្រទេសវិញ ការប្រឆាំងរបស់គេ គឺគ្រាន់តែប្រឆាំងដើម្បីប្រឆាំង មិនគិតពីផលប្រយោជន៍ជាតិ មិនមានការសិក្សាបានច្បាស់លាស់ ហើយមិនសមមានសញ្ជាតិជាពលរដ្ឋខ្មែរនោះឡើយ»

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងព្រែកជីកដ៏ធំមិនធ្លាប់មានមួយរបស់កម្ពុជា ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនាពេលនោះ និងបន្តអភិវឌ្ឍគម្រោងនេះដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដោយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចភាក្សាដូចតទៅ៖