(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី៖ «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ដើម្បីឆ្លើយតបនឹងភាពតានតឹងដែលកំពុងតែឡើងកម្ដៅខ្លាំង នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសបន្ទាប់ពីមានការលូកដៃដោយផ្ទាល់ពីសំណាក់ប្រទេសអ៉ីរ៉ង់ទៅលើប្រទេសអ៉ីស្រាអែល។ ខណៈដែលអ៉ីរ៉ង់ត្រូវបានគេដឹងហើយថា ជាប្រទេសមហាអំណាចអាវុធនៅក្នុងតំបន់ និងត្រូវបានសង្ស័យថា មានការផលិតអាវុធនុយក្លេអ៊ែ ក្នុងតំបន់ឃ្លាំងរ៉ែប្រេង ដ៏សំខាន់របស់ពិភពលោកមួយនេះ។

កិច្ចពិភាក្សាតុមូល ស្ដីពី៖ «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នេះមាន លោកបណ្ឌិត គិន ភា ជាអ្នកសម្របសម្រួល ហើយវាគ្មិនចូលរួមកិច្ចពិភាក្សានេះ មានចំនួន៤រូបគឺ៖

* លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
* លោកបណ្ឌិត ដៀប សុផល អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ
* លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា
* លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

សូមទស្សនិកជនកុំភ្លេចរង់ចាំតាមដានទស្សនាកិច្ចពិភាក្សានេះ ដែលមានការផ្សាយផ្ទាល់តាមបណ្ដាញផ្សព្វផ្សាយរបស់ Fresh News ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមេសា ស្អែកតទៅ៕