(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការកត់សម្គាល់​ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល៨ខែមក​នេះ មានភាពល្អប្រសើរ ដោយរក្សាបានស្ថិររភាព កំណើនសេដ្ឋកិច្ច និងអតិផរណាស្ថិត​ក្នុងស្ថាន​ភាព​ដែលអាចគ្រប់គ្រងបាន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយ​លោក​​​ស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។

ទន្ទឹមនឹងការបង្ហាញការកត់សម្គាល់លើការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីហើយនោះ សម្ដេចតេជោក៏បានរៀបរាប់ប្រាប់លោកស្រីឯកអគ្គរដ្ឋទូត ពីគោលបំណង​ដែលស​ម្ដេចសម្រេចផ្លាស់ប្ដូរ និងផ្ទេរអំណាចទៅដល់ថ្នាក់ដឹកនាំជំនាន់ក្រោយផងដែរ។ សម្តេច​តេជោ បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ជា​ការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយជា​ការ​សម្រេច​ចិត្ត ស្របតាមបំណងរបស់ប្រជាជនកម្ពុជា ដែលទុកចិត្ត​លើការដឹកនាំរបស់គណ​បក្ស​ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំប្រកបដោយភាពស្វាហាប់ ដើម្បីបន្តបេសកកម្មដ៏ពិសិដ្ឋ​របស់រាជរដ្ឋាភិបាលនីតិកាលចាស់ក្នុងការរក្សាឱ្យបានសុខសន្តិភាពដែលខឿនធានាសេចក្តីសុខរបស់រប្រជាពលរដ្ឋ ជំរុញដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបានសមិទ្ធផលថ្មីៗបន្ត​ទៀត ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ដើម្បីសម្រេចបានមហិច្ឆតាដ៏ធំធេងនេះ រាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងអនុវត្តសកម្មភាពការងារយ៉ាងសកម្មតាមផែនទីចង្អុលផ្លូវរបស់ខ្លួន នៃ «យុទ្ធ​សាស្ត្រ​​​​បញ្ចកោណ» ដែលកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ​ឆ្នាំ២០២៣-២០២៨។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបេសកកម្មជាប្រវត្តិសាស្ត្រចម្បង​ចំនួនពីរគឺ៖

ទី១៖ រក្សា និងថែបំប៉នសុខ សន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះ​បង់​មិនអាចកាត់ថ្លៃបាន និង ពូនជ្រុំចលនការ នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។

ទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លង​កាត់​បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹ​ង​មាំ​នៃវិស័យ​ទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យ​ហិរញ្ញវត្ថុ, ភាពធន់ នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធន់នៃវិស័យបរិស្ថាន និងក្នុងការ​ឆ្លើយ​តបនឹងការប្រែប្រួលអាកាសធាតុ។

«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» រៀបចំឡើង ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រ​សម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្ត ៥ដំណាក់កាល។

យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូល​ធន​មនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯក​ជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្រៅពីកម្មវិធីស្នូលខាងលើនេះ រាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មលើកម្មវិធីនយោបាយអាទិភាពចំនួន៦រួមមាន៖

១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួមក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕