(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានបទបញ្ជា ០១បប យ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមបណ្តាក្រសួងស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិ បានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ មានមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធចំនួន ៥៦ ៤៤៥នាក់ហើយបានធ្វើតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រ ដោយក្នុងនោះមានចំនួន ៧៦នាក់រកឃើញវិជ្ជមាន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ នេះបើតាមព័ត៌មាន ដែលបានផ្សព្វផ្សាយលើ Telegram ផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធិភាពដូចខាងក្រោម៖

*ទី១៖ កៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម

*ទី២៖ សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត

*ទី៣៖ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង

*ទី៤៖ ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលអនុវត្តបទបញ្ជាលេខ ០១បប ប្រកបដោយប្រសិទ្ធិភាព ស័ក្តសិទ្ធិភាព និងនិរន្តភាព៕