(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានចាត់ក្រុមការងារ ចុះកាត់ដើមឈើដែលត្រូវខ្យល់កន្ត្រាក់បោកបក់បណ្តាលឱ្យ ដួលរលំមកលើផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ។

លោក សំ លាងទ្រី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅព្រលប់ថ្ងៃទី២៨ ខែមេសាថា «ថ្ងៃនេះនៅខេត្តព្រះវិហារ មានធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលខូចខាត ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួនតូច»

ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានដើមឈើដួលរលំចំនួន៣ដើម លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីចន្លោះគ.ម១២៤+៥០០ ដល់គ.ម១២៦+០០០ ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះវិហារ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ លោកបានចាត់ឲ្យក្រុមការងារចុះទៅអារកាត់ភ្លាមៗតែម្តង។

លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា បើកបរដោយប្រុងប្រយ័ត្ន៕