(ភ្នំពេញ)៖ លោក ហែម វណ្ឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍បានថ្លែងថា ប្រព័ន្ធនៃការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ និងផ្តល់ភាពកក់ក្តៅ និងទំនុកយ៉ាងរឹងមាំដល់អ្នកវិនិយោគ ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកសិក្សាស្រាវជ្រាវ និងតក្កករ ដែលបានប្រើប្រាស់បញ្ញា និងទេពកោសល្យផ្ទាល់ខ្លួន ដើម្បីច្នៃប្រឌិត បង្កើតនូវផលិតផលថ្មីៗ ក្នុងការប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ ជៀសវាងការលួចក្លែងបន្លំផលិតផល ដែលបានចុះបញ្ជីការពារកម្មសិទិ្ធបញ្ញារួចហើយ។

លោក ហែម វណ្ឌី ថ្លែងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការកសាងសមត្ថភាពលើការប្រើប្រាស់សេវាអនឡាញ និងពិធីប្រកាសឱ្យប្រើទិន្នន័យប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

លោកមានប្រសាសន៍ថា កម្មសិទ្ធិបញ្ញាមានលក្ខណៈជាសសរស្តម្ភមួយដែលគាំទ្រ និងជំរុញការលូតលាស់វិស័យដទៃទៀត តាមរយៈការផ្តល់ការលើកទឹកចិត្ត និងជំរុញនវានុវត្តន៍ ដែលកើតចេញពីកិច្ចការពារសិទ្ធិស្របច្បាប់លើ កម្មសិទ្ធិបញ្ញា និងលើកកម្ពស់ការធ្វើពាណិជ្ជូបនីយកម្មទាំងទ្រព្យរូបីយរបស់វិស័យឯកជន។

ដោយសារកត្តានៃកិច្ចការពារកម្មសិទ្ធិបញ្ញានេះហើយទើបធ្វើឲ្យវិស័យឯកជនហានចំណាយធនធានក្នុងការសិក្សាស្រាវជ្រាវលើការអភិវឌ្ឍន៍លើផលិតផលថ្មីៗ ការបង្កើតបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ថ្មីៗ ដែលនាំមកនូវ ការផ្ទេរបច្ចេកវិទ្យាចូលក្នុងទីផ្សាពីភពលោក។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍បានជំរុញ និងផ្សព្វផ្សាយឱ្យមានការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណៈជន ដើម្បីកសាងសង្គមកម្ពុជាឱ្យមានភាពរីកចំរើនលើវិស័យបច្ចេកវិទ្យា។

លោកបន្តថា ក្នុងបរិបទសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃ​កម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះកម្មសិទិ្ធបញ្ញា ដែលជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម ការជំរុញឲ្យមានការច្នៃប្រឌិត និងបង្កើតផលិតកម្មឧស្សាហកម្មថ្មីៗ ជំរុញការប្រកួតប្រជែងទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ ការធ្វើឱ្យកាន់តែរីកចម្រើន និងធានាឲ្យបាននូវកិច្ចការពារកម្មសិទ្ធិបញ្ញា នៅ​កម្ពុជាស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ។

ទន្ទឹមគ្នានេះ លោកបានថ្លែងអំណរគុណដល់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលបានជួយគាំទ្រដល់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេសផ្តល់ការគាំទ្រធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញាជំនាន់ទី៣ (IPAS3) ទៅជំនាន់ទី៤(IPAS4) នៅកម្ពុជា ដើម្បីសម្រួលដល់ការគ្រប់គ្រងទិន្នន័យ ការដំណើរការទទួលពាក្យសុំ ការចេញលិខិតបង់ប្រាក់ ការចុះបញ្ជី ការបោះពុម្ពផ្សាយនិងការស្រាវជ្រាវព័ត៌មានប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលទាំងនេះក៏ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងជំរុញកម្ពុជាឲ្យក្លាយទៅជាសង្គមសេដ្ឋកិច្ចឌីជីថល​៕