(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានចេញមកបំភ្លឺជុំវិញការលើកឡើងរបស់លោកស្រី ទ្រី ដាណា ពាក់ព័ន្ធការអនុវត្តច្បាប់របស់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង១១យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លុះដល់ម៉ោងប្រហែល០០៖៥៣នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃើញរថយន្ត១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2222 មានម៉ូតូ២គ្រឿង តាមពីក្រោយដោយធ្វើដំណើរពីត្បូងទៅជើង លុះរថយន្តនោះបានធ្វើដំណើរមកដល់ជិតគោលដៅសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង កម្លាំងសមត្ថកិច្ចបានធ្វើសញ្ញាឲ្យអ្នកបើកបររថយន្តចូលកន្លែងត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជារថយន្តនោះ មិនបានសហការចូលមកកន្លែងត្រួតពិនិត្យ នឹងបានបត់ឆ្វេងមិនចូលគោលដៅត្រួតពិនិត្យ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចសង្ស័យថា រថយន្តនោះបើកគេចវេស ក៏បានដេញតាមហើយកាក់រថយន្តនោះឲ្យឈប់ និងអញ្ជើញអ្នកបើករថយន្តចូលសហការត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រមសហការ និងចូលមកកន្លែងត្រួតពិនិត្យហើយអ្នកបើករថយន្តបានដោះម៉ាសចេញ ទើបសមត្ថកិច្ចស្គាល់ថា ជាស្វាមីរបស់លោកស្រី ទ្រី ដាណា ហើយគាត់ក៏បានសហការជាមួយសមត្ថកិច្ចដោយរលូនគ្មានការតវ៉ាអ្វីនោះទេ។

បន្ទាប់មកក៏បានផ្លុំជាតិអាកុល ជាលទ្ធផលគាត់គ្មានផ្ទុកជាតិអាកុលក្នុងខ្លួននោះទេ។ កម្លាំងសមត្ថកិច្ច បានថ្លែងអំណរគុណដល់ម្ចាស់រថយន្តដែលព្រមសហការ និងអនុញ្ញាតឲ្យគាត់បន្តធ្វើដំណើរ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងទៀតថា ការចុះអនុវត្តជាតិស្រវឹងតាមផែនការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺសមត្ថកិច្ចខណ្ឌសែនសុខ មិនបានចុះអនុវត្តជារៀងរាល់ថ្ងៃនោះទេ ក្នុង១សប្តាហ៍អនុវត្ត៤ដង គិតចាប់ពីម៉ោង២៣៖០០នាទី រហូតដល់ម៉ោង០២៖០០នាទី រំលងអធ្រាត្រ ហើយការចុះអនុវត្តគឺចល័តគោលដៅ។ ដោយនៅគោលដៅខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថា ចុះចាប់រាល់ថ្ងៃនោះទេ។

ដោយឡែក គឺចាប់តាំងពីសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹង រហូតមកដល់ពេលនេះ គឺសមត្ថកិច្ចយើងមិនដែលហៅត្រួតពិនិត្យរថយន្តលោកស្រីទ្រី ដាណានោះទេ ទើបតែហៅ១លើកនេះតែប៉ុណ្ណោះ កាលពីយប់មិញ នៅគោលដៅខាងលើ គឺស្វាមីគាត់ជាអ្នកបើកបរ។

ការចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹង គឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ម្យ៉ាងវិញទៀត ការចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ គឺបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញឲ្យដឹងថា គឺមានប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសង្កេតឃើញបទល្មើសចរាចរណ៍បានថយចុះផងដែរ៕