(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារយ៉ាងច្រើនអនេក មកគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីកម្ពុជាផ្លូវដឹកជញ្ជូនដោយខ្លួន មានកន្លែងដកដង្ហើមដោយខ្លួនឯង។

ការថ្លែងអំណរគុណបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលបានចេញសារគាំទ្រយ៉ាងផុសផុល ទាក់ទងទៅនឹងគម្រោងព្រែកជីកហ្វូណន-តេជោ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស គ្រប់និន្នាការនយោបាយ បានចេញសារគាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា មានច្រកដើម្បីដកដង្ហើមខ្លួនឯង ពង្រឹងសេដ្ឋកិច្ច តាមរយៈការកសាងព្រែកជីកហ្វូណន-តេជោនេះ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនជាប្រយោជន៍របស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចនឹងបន្តបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។

ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសខ្លាំងៗ ប្តូរផ្តាច់ ក្នុងការសាងសង់ ព្រែកជីកហ្វូណន-តេជោ ឲ្យខាងតែបាន នៅពេលខាងមុខនេះ ដើម្បីផ្តល់នូវប្រយោជន៍ដ៏មហិមាដល់ជាតិ និងប្រជាជនកម្ពុជា៕