(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារយោធិន ដែលបានពលី នៅក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣។

តាមរយៈសារលិខិតរំលែកទុក្ខ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានរៀបរាប់យ៉ាងដូច្នេះថា៖

ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្ដាយឥតឧបមាដោយបានទទួលដំណឹងអំពីពលិកម្មរបស់យោធិន នៃកងយោធពលខេមរភូមិន្ទចំនួន២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស .២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤៖២៥នាទីរសៀល។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពយោធិនពលីទាំងអស់ ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ យោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករង ខេត្តកោះកុង ដែលបានបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ចំពោះភរិយា, បាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រា បុត្រី និងបាត់បង់យុទ្ធមិត្តដ៏អង់អាចក្លាហាន ដែលតែងបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុ បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីទាំង២០នាក់ សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។