(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានធ្វើសន្និសីទកាសែត ដើម្បីពិភាក្សា រកដំណោះស្រាយទំនាស់ព្រំប្រទល់រវាងឃុំជីផាត់ ស្រុកថ្មបាំង និងឃុំជីខ ស្រុកស្រែអំបិល ដែលមានទំហ៊ុំ ៣៧២៧.៧៩ហិកតា។

ការរៀបចំធ្វើសន្និសីទកាសែននេះបានធ្វើឡើងក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្ត លោក ជា ច័ន្ទ្រកញ្ញា អភិបាលស្រុកស្រែអំបិល លោកស្រី ទួត ហាទីម៉ា និងមន្ទីរពាក់ព័ន្ធ ព្រមទាំងមេឃុំទាំង២ ចូលរួមផងដែរ។

លោក មុឹង សុភា មេឃុំជីផាត បានលើកឡើងប្រជាពលរដ្ឋគាត់ក្នុងឃុំជីផាត បានរស់នៅលើដីដែលមានបញ្ហាទំនាស់ព្រំខណ្ឌសីមានេះ តាំងពីយូរឆ្នាំក្រោយពីឆ្នាំ១៩៧៩មក ហើយបានធ្វើដំណាំកសិកម្មទទួលបានអនុផលរាល់ឆ្នាំ និងមានបណ្ណសម្គាល់ក្បាលដីដែលយុវជនស្ម័គ្រចិត្តសម្តេចតេជោ ស.ជ.ណ លេខ០១វាស់វែងចេញជាសារលក្ខបត្រឱ្យពួកគា ត់និងដាក់ជាឃុំជីផាត់ ហើយចុះហត្ថលេខារបស់លោកនៅបណ្ណសម្គាល់ដោយសំអាងថាដីនេះ ស្ថិតក្នុងតំបន់ឃុំជីផាត ស្រុកថ្មបាំង មានប្រជាពលរដ្ឋរស់នៅចំនួន៤០០គ្រួសារ និងសំអាងទៅលើផែនទីរបស់ភូមិបាលបញ្ជាក់ថាដីតំបន់នេះស្ថិតឃុំជីផាត។

លោក ហៅ ប៉ែត មេឃុំជីខ បានលើកឡើងថា ដីតំបន់នេះគឺក្រោមការគ្រប់គ្រងរបស់ឃុំជីខ មិនមែនដីរបស់ឃុំជីផាតទេ គ្រាន់តែប្រជាពលរដ្ឋឃុំជីផាតមករស់នៅតំបន់នេះធ្វើស្រែចំការតែប៉ុណ្ណោះ ដូច្នេះលោកចង់ឱ្យអាជ្ញាធរបញ្ជាក់ព្រំប្រទល់រវាងឃុំទាំង២នេះឱ្យបានច្បាស់លាស់ងាយស្រួលក្នុងការគ្រប់គ្រង និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងទូរលេខចំនួនប្រជាពលរដ្ឋ។

ទោះជាយ៉ាងនេះក្តី ប្រជាជនដែលរងផលប៉ះពាល់ពីទំនាស់ដីធ្លីនៅឃុំជីខលើ ស្រុកស្រែអំបិល បាននិយាយថា «បើមេឃុំជីផាត កុំចុះហត្ថលេខារំលោភលើដែនសមត្ថកិច្ចមកលើឃុំជីខលើ ក៏មិនមានរឿងដែរ...»

លោក សុខ សុទ្ធី បាននិយាយថា ចំពោះបញ្ហារឿងព្រំខណ្ឌសីមារវាងឃុំជីផាត ស្រុកថ្មបាំង និងឃុំជីខស្រុកអំបិលនេះ នៅតែមានការប្រទាញប្រទង់គ្នាមេឃុំជីផាត ថាដីជីផាត់ ស្រុកថ្មបាំង មេឃុំជីខ ថាជាដីជីខ ដូច្នេះអាជ្ញាធរខេត្តមិនអាចកាត់ព្រំប្រទល់ផ្តល់ឱ្យខាងណាបានទេ មានក្រសួងមហាផ្ទៃ ថ្នាក់ជាតិទើបអាចសម្រេចកាត់វាស់វែងព្រំប្រទល់ និងសម្រេចប្រគល់ឱ្យភាគីខាងណាគ្រប់គ្រងបើត្រឹមថ្នាក់ខេត្តមិនអាចហ៊ានគូសផែនទីបានទេ ពីព្រោះព្រំទល់នេះជាព្រំប្រទល់រវាងស្រុក និងស្រុក។

លោកបានបញ្ជាក់ថា បញ្ហាប្រជាពលរដ្ឋសុំឱ្យអាជ្ញាធរខេត្ត និងថ្នាក់ជាតិជួយចេញប្លង់បណ្ណកម្មសិទ្ធឱ្យគាត់បានកាន់កាប់ស្របច្បាប់ឱ្យឆាប់ៗនោះ គឺដីតំបន់នេះបានកាត់ចេញពីតំបន់កសិកម្មហើយក្នុងអនុក្រឹត្យ៤៦ អាជ្ញាធបានសុំសិទ្ធទានកម្មចេញថ្នាក់ជាតិបានហើយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានប្រើប្រាស់ស្របច្បាប់ ប៉ុន្តែដោយមានបញ្ហារឿងព្រំប្រទល់រវាងឃុំជីផាត និងឃុំជីខ ដូច្នេះអាជ្ញាធរ និងក្រសួងដែនដី នគររបនីកម្ម និងសំណង់ មិនទាន់ហ៊ានសម្រេច
ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានទេ លុះត្រាតែថ្នាក់ជាតិសម្រេចបញ្ជាក់ផែនទីឱ្យច្បាស់យកជាផ្លូវការទើបក្រសួង និងចេញបណ្ណជូនដោយស្របច្បាប់និងប្រើប្រាស់បាន៕