(ភ្នំពេញ)៖ នៅក្នុងសន្និសីទរដ្ឋមន្ត្រីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស កម្ពុជាបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រ «វិទ្យាសាស្ត្រ  ដែលបើកទូលាយ (Open Science)» និងត្រៀមខ្លួនចូលរួមជាមួយ សហគមន៍ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសាកលសំខាន់ៗ ដូចជាការប្រែប្រួលអាកាសធាតុ និង វិបត្តិសុខភាពសាធារណៈជាដើម។

ក្នុងបទអន្តរាគមន៍សម្រាប់អង្គសន្និសីទនៃមេដឹកនាំ និងអ្នករៀបចំគោលនយោបាយផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសក្តានុពលបរិវត្តកម្មនៃវិទ្យាសាស្ត្រដែលបើកទូលាយ ដែលជាកាតាលីករជំរុញ វឌ្ឍនភាព និងអាចជួយ ឱ្យប្រទេសនានាដោះស្រាយ បញ្ហាស្មុគស្មាញបានកាន់តែមានប្រសិទ្ធភាព។

វិទ្យាសាស្ត្រដែលបើកទូលាយរួមបញ្ចូលការចែករំលែកដោយទូលំទូលាយនូវការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងរបកគំហើញនានា ជាមួយសាធារណៈជន ដែលជំរុញឱ្យមានតម្លាភាព កិច្ចសហប្រតិបត្តិការ និងភាពងាយ ស្រួលក្នុងការប្រើប្រាស់ធនធានទាំងនោះ នៅក្នុងចំណោមសហគមន៍ វិទ្យាសាស្ត្រ។ សារៈសំខាន់ នៃវិទ្យាសាស្ត្រដែលបើកទូលាយរួមមានទាំងការពន្លឿននវានុវត្តន៍ ការដោះ ស្រាយ បញ្ហាសាកល ការលើកកម្ពស់ កំណើនសេដ្ឋកិច្ច ការជំរុញការអប់រំនិងអក្ខរកម្ម ការបង្កើនទំនុកចិត្ត និងការចូលរួមរបស់សាធារណៈ ជន ព្រមទាំងការពង្រីកអត្ថប្រយោជន៍នៃការស្រាវជ្រាវជាដើម។

ថ្លែងទៅកាន់អង្គ សន្និសីទលោករដ្ឋមន្ត្រីបានអំពាវនាវដល់ភាគីពាក់ព័ន្ធ រួមទាំងអ្នកវិទ្យាសាស្ត្រ អ្នករៀបចំគោលនយោបាយ អ្នកអប់រំ និងប្រជាពលរដ្ឋ ឱ្យចូលរួមសហការគ្នាក្នុងការជំរុញគំនិតផ្តួចផ្តើម វិទ្យាសាស្ត្រ ដែលបើកទូលាយនេះ។

លោកបានលើកឡើងថា៖ «សូមឱ្យយើងធ្វើការរួមគ្នាដើម្បីបង្កើតអនាគត មួយ ដែលវិទ្យាសាស្ត្រ បម្រើជាប្រយោជន៍សាធារណៈ ដែលអាចប្រើប្រាស់បានសម្រាប់ទាំងអស់គ្នា និង ជាកម្លាំងជំរុញ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសាកល»

ទន្ទឹមគ្នានេះ លោកក៏បានជម្រាបជូនពីរបៀបវារៈនៃបរិវត្តកម្មបច្ចេកវិទ្យារបស់កម្ពុជា ដោយសង្កត់ធ្ងន់លើដំណើរនៃ ការបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមទាំង ផែនទី បង្ហាញផ្លូវបច្ចេកវិទ្យាតាមវិស័យ រាប់ទាំងពីផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ រហូតដល់ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាបៃតង ដើម្បីចាប់យកសក្តានុពលនៃវិស័យនីមួយៗ។

លោករដ្ឋមន្រ្តីក៏បានចែករំលែកទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលមានមូលដ្ឋាននៅក្នុងគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ រួមជាមួយនឹងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបច្ចប្បន្ន  ដូចជាការរៀបចំអនុក្រឹត្យ ស្តីពី ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ( R&D) និងសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ក្នុងគោលដៅបង្កើតបរិយាកាសអំណោយផលសម្រាប់នវានុវត្តន៍ និងវឌ្ឍនភាពសង្គម៕