(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងប្រកាសតែងតាំងនាយក-នាយរងបណ្តោះអាសន្ន នៃអនុវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ភ្នំក្រវាញ ចំនួន២រូប ដើម្បីដឹកនាំ និងគ្រប់គ្រងអង្គភាព ឲ្យមានដំណើរជាប្រក្រតី រហូតដល់មានការតែងតាំងមុខដំណែងជាផ្លូវការ។

លោក ម៉ែន សំអាត ប្រធានការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល ក៏បានអានលិខិតបង្គាប់ការ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ដោយត្រូវបង្គាប់ការ គណៈគ្រប់គ្រងបណ្តោះអាសន្ន នៃអនុវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ភ្នំក្រវាញ ចំនួន២រូប ដើម្បីដឹកនាំ និងគ្រប់គ្រងអង្គភាព ឲ្យមានដំណើរជាប្រក្រតី រហូតដល់មានការតែងតាំងមុខដំណែងជាផ្លូវការ រួមមាន៖

*ទី១៖ លោក អ៊ា ឃី ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋាន ដើមខ្សែពិសេស បច្ចុប្បន្នជានាយករងអនុវិទ្យាល័យ ត្រូវបានបង្គាប់ការ ជានាយកអនុវិទ្យាល័យ បណ្តោះអាសន្ន ជំនួសលោក ឯក តារាវុធ ដែលជាប់ជាបេក្ខភាព ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ។
*ទី២៖ លោក ឡោ ផល ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋាន ដើមខ្សែពិសេស ត្រូវបានបង្គាប់ការ ជានាយករងអនុវិទ្យាល័យ បណ្តោះអាសន្ន ដើម្បីបំពេញរចនាសម្ព័ន្ធគ្រប់គ្រង។

លោក អ៊ា ឃី ដែលទើបទទួលបានតួនាទីថ្មី បានធ្វើការប្តេជ្ញាចិត្ត អភិវឌ្ឍន៍សាលាឲ្យមានការរីកចម្រើនជាបន្តទៅមុខទៀត, ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងវិន័យគ្រូសិស្សឲ្យកាន់តែល្អប្រសើរ, គោរពតាមការណែនាំរបស់ក្រសួង ឬមន្ទីរ, ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូនានា, កសាង និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ផ្អែកលើចំណេះដឹង ចំណេះធ្វើជាមូលដ្ឋាន។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការប្រកាសតែងតាំងនាយក-នាយករងបណ្តោះអាសន្ន នៃអនុវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ភ្នំក្រវាញ នាពេលនេះ គឺមិនមានអ្វីប្លែកនោះទេ ព្រោះកន្លងមករដ្ឋបាលខេត្ត បានអនុវត្តរួចមកហើយ ក្នុងការតែងតាំង គឺមានតាំងពីថ្នាក់ដឹកនាំមន្ទីរ អភិបាលស្រុក ក្រុង និងការិយាល័យ ដើម្បីឲ្យយន្តការគ្រប់គ្រងដឹកនាំមានតម្លាភាព និងគុណភាព។ លោកបានចាត់ទុកថា ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ គឺជាគ្រឹះជាថ្នាល និងជាពុម្ពដ៏ល្អ និងមានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស ឈានទៅអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកណែនាំដល់នាយ-នាយករង ដែលត្រូវបានប្រគល់ភារកិច្ចបណ្តោះអាសន្ននាពេលនេះ គប្បីខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការបំពេញតួនាទីភារកិច្ច ដោយមានព្រហ្មវិហាធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិកាស្នោះត្រង់ យោគយល់ឲ្យគ្នា ទៅវិញទៅមក ទើបអាចតែងតាំងមុខដំណែងជាផ្លូវការ នាពេលខាងមុខ។ លោកបានបញ្ជាក់ថា ទាំងអស់នេះ គឺជាកិត្តិយស និងភាពថ្លៃថ្នូររបស់លោកគ្រូ អ្នកគ្រូទាំងមូល ដែលទទួលបានការសាទរ ពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋ។

លោកអភិបាលខេត្តជំរុញឲ្យគណៈគ្រប់គ្រងសាលា រួមទាំងលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំគៀងគរមូលនិធិ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើការអភិវឌ្ឍសាលារៀនរបស់ខ្លួន ឲ្យក្លាយជាសាលារៀនគម្រូ ទៅថ្ងៃអនាគត៕