(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាជាមួយលោកស្រី Xiaoyan Qian នាយិការនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ លោកស្រីនាយិកា បានសរសើរថា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជា មានវឌ្ឍនភាពលឿនជាងបណ្តាប្រទេសក្នុងតំបន់មួយចំនួន។

នាឱកាសនេះដែរ លោករដ្ឋមន្ត្រី ហេង សួរ ក៏បានថ្លែងអំណរគុណដល់លោកស្រីចំពោះការវាយតម្លៃនិងការកោតសរសើរ ហើយក៏បានថ្លែងអំណរគុណដល់ ILO ដែលបានផ្តល់កិច្ចសហការ ដើម្បីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈគម្រោងការបណ្តុះបណ្តាលមន្ត្រីជំនាញលើជំនាញទន់ដើម្បីបង្កើនផលិតភាពការងារ គម្រោងការងារសមរម្យសម្រាប់យុវជន គម្រោងទីផ្សារការងារសកម្ម និងគម្រោងនៃការកសាងសមត្ថភាពស្ថាប័នចំពោះបេឡាជាតិសន្តិសុខសង្គមជាដើម។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបង្ហាញចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ដែលជាគន្លឹះដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដែលនេះជាចំណុចគន្លឹះដ៏សំខាន់មួយក្នុងគោលបំណងធានាពីទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិសេរីភាព ផលិតភាព និងសុខមាលភាព រួមទាំងបរិយាកាសល្អសម្រាប់វិនិយោគិនផងដែរ។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានពន្យល់លំអិតពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពី ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីផ្លាស់ប្តូរកម្លាំងអតិពលកម្មក្នុងទីផ្សារការងារឱ្យកម្ពុជា ប្រែក្លាយជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ។

ទន្ទឹមនឹងនេះ ទាំងលោករដ្ឋមន្ត្រី និងលោកស្រី Xiaoyan Yan ក៏បានឯកភាពគ្នាក្នុងការបន្តគាំទ្រទៅវិញទៅមកដើម្បីឱ្យគម្រោងដែលភាគីទាំងពីរ បានកំពុងសហការឱ្យកាន់តែរលូនជា បន្តទៀត ដើម្បីវិបុលភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕