(កំពង់ធំ)៖ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះការជួសជុលកំណាត់ផ្លូវលេខ 264C5 ប្រវែង ២៧,០០០ម៉ែត្រ ចាប់ពីចំណុចភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ដល់ភូមិព្រៃគុយឃុំព្រៃគុយ ស្រុកកំពង់ស្វាយ។

លោក ជូ កុល្លា បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះថា ក្រុមការងារបានចុះពិនិត្យលើការធ្វើតេស្ត Sandcone ស្រទាប់ Sub Grade, ចាក់ដី Sub Grade បន្ថែម ចន្លោះPK:3+650 ដល់ PK:3+750, កៀរកិនបង្ហាប់ស្រទាប់ Sub Grade ចន្លោះPK:3+000 ដល់ PK:3+750 និង ចន្លោះPK:4+775 ដល់PK:5+000 និងធ្វើការរុះរើសំណង់ចាស់ (ស្ពាន) ចំនួន៥កន្លែង។

ជាមួយគ្នានេះ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមជាមួយក្រុមការងារ ដើម្បីរៀបចំផ្លូវឲ្យបានធំទូលាយ និងកុំចាក់ដីខ្ពស់ជាងផ្លូវ៕